(បាងកក)៖ ថៃគ្រោងនឹងចំណាយថវិកាជាង ២៥១លានដុល្លារអាមេរិក សម្រាប់ការពារសន្តិសុខរាជាធិបតេយ្យ នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០២០ ដោយចំនួននេះកើនឡើង ១៣ភាគរយធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមសារព័ត៌មាន CNA ដកស្រង់នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

សំណើថវិកាដែលនៅរង់ចាំការអនុម័តពីសភានេះ បានធ្វើឡើងក្រោយរយៈពេល ០៤ខែ បន្ទាប់ពីព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ឡើងសោយរាជ្យសម្បត្តិ។ វាក៏ជាថវិកាដំបូងដែលត្រូវបានស្នើសុំ ស្ថិតក្រោមរដ្ឋបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូនចា (Prayut Chan-O-Cha) ដែលជាអ្នកគាំទ្ររបបរាជានិយម យ៉ាងម៉ឺងម៉ាត់កន្លងផងដែរ។

ថវិកាសម្រាប់ទ្រទ្រង់កិច្ចការក្នុងព្រះបរមរាជវាំងនេះ ក៏ត្រូវបានរាប់បញ្ចូលទៅក្នុងសំណើ ដែលចេញដោយការិយាល័យចាត់ចែងថវិកាជាតិផងដែរ ដោយវាមិនបានបញ្ជាក់នូវព័ត៌មានលម្អិតថា តើថវិកានោះនឹងត្រូវប្រើប្រាស់ដោយរបៀបណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងត្រូវប្រើប្រាស់សម្រាប់រក្សាមូលដ្ឋានគ្រឹះ នៃផ្នែកសន្តិសុខរាជវាំងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តទាំងស្រុងហើយកាលពីថ្ងៃអង្គារ លើគម្រោងថវិកាជាង ២៥១លានដុល្លារ សម្រាប់ព្រះបរមរាជវាំងក្នុងឆ្នាំ២០២០នេះ ដើម្បីបញ្ជូនទៅកាន់សភាជាតិអនុម័តចុងក្រោយ។ ព្រះបាទ Maha Vajiralongkorn ទទួលបានមរតកជាស្តេចមួយអង្គ ក្នុងចំណោមស្តេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត និងមានអំណាចខ្លាំងនៅលើពិភពលោកពីព្រះបិតា ដែលបានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦។ ក្រុមអ្នកជំនាញលើកឡើងថា រជ្ជកាលរបស់ព្រះអង្គមានភាពរឹងមាំជាងរជ្ជកាល របស់អតីតព្រះមហាក្សត្រថៃគឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលបានគ្រប់គ្រងព្រះរាជសម្បត្តិអស់រយៈពេលជាង ៧០ឆ្នាំនោះទៅទៀត៕