(ញូដេលី)៖ ក្រសួងការពារជាតិឥណ្ឌាបានដាក់កាលកំណត់ថា ដើម្បីបង្កើតសម្រេចបានទម្រង់បែបបទថ្មី ដែលសាមញ្ញងាយស្រួល និងមានភាពបត់បែនជាងមុន សម្រាប់ការទិញគ្រឿងសម្ភារយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមប្រធានផ្នែកទិញបរិក្ខាវិស័យការពារជាតិរបស់ឥណ្ឌា លោក Apurva Chandra ក្រសួងការពារជាតិឥណ្ឌា បានកំណត់ថា នៅត្រឹមខែមីនា ឆ្នាំ២០២០ ត្រូវសម្រេចឲ្យបាននូវទម្រង់បែបបទថ្មី ដែលអាចជួយធ្វើឲ្យការទិញបរិក្ខាយោធា និងគ្រឿងសព្វាវុធ នានា មានលក្ខណៈឆាប់រហ័សជាងមុន។

គួរជម្រាបថា ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ ក្រសួងការពារជាតិឥណ្ឌារំពឹងថា ការទិញបរិក្ខាយោធានិងសព្វាវុធដែលមាន តម្លៃសរុបខ្ទង់៧៩០លានដុល្លារ សម្រាប់កងទ័ពជើងគោក និងកងទ័ពជើងអាកាសឥណ្ឌា នឹងត្រូវសម្រេចជាស្ថាពរ៕