(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានអំណាចដើម្បីបញ្ជាឱ្យបណ្ដា ក្រុមហ៊ុនអាមេរិកទាំងអស់ រើចេញពីប្រទេសចិន ប៉ុន្តែសម្រេចចិត្តបែបនេះអាចនឹងបំផ្លាញដល់ នយោបាយរបស់លោក។ នេះបើតាមលោក Timothy Stratford ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក Timothy Stratford ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន ធ្វើ ការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC។ ថ្លែងនាឱកាសនោះ លោក Stratford បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី ត្រាំ មានអំណាចបញ្ជាឱ្យ ក្រុមហ៊ុនអាមេរិក រើចេញពីប្រទេសចិន ប៉ុន្តែខ្ញុំគិតថាលោកនឹងមិនសម្រេចចិត្តធ្វើបែបនេះ ដោយងាយៗនោះទេ ពីព្រោះវាអាចនឹងបំផ្លាញដល់សេដ្ឋកិច្ចអាមេរិក និងនយោបាយ របស់លោក»។

គួរជម្រាបថា ក្រោយចិនប្រកាសដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក កាលពី ខែសីហា កន្លងទៅ លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើ Twitter ដោយបង្គាប់ឱ្យ បណ្ដាក្រុមហ៊ុនអាមេរិកទាំងអស់ពិចារណា រើរោងចក្ររបស់ខ្លួនចេញពីចិន ហើយបើអាចមក បើករោងចក្រនៅអាមេរិក គឺរឹតតែល្អ៕