(វ៉ាស៊ីនតោន)៖ នាល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ព្យុះហឺរីខិនដូរៀន (Dorian) បានចុះថយថាមពលមកត្រឹមកម្រិត ២ (Category 2) ជាទីបំផុតដែលវាបានបោកបក់ប៉ះតំបន់ឆ្នេរ នៃរដ្ឋការ៉ូលីណាខាងជើង (North Carolina) របស់អាមេរិក ខណៈនៅប្រទេសបាហាម៉ាស់វិញចំនួនមនុស្សស្លាប់បានកើនដល់ ៣០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមមជ្ឈមណ្ឌលជាតិតាមដានព្យុះ NHC របស់សហរដ្ឋអាមេរិក ព្យុះហឺរីខិន Dorian ខណៈនេះបានរក្សាកម្លាំងខ្យល់អតិបរមារបស់វានៅត្រឹម ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាលពីប៉ុន្មានថ្ងៃមុនវិញ នៅពេលវាយប្រហារប្រទេសដីកោះបាហាម៉ាស់ (Bahamas) វាបានកើនថាមពលដល់កម្រិត ៥ ដែលមានកម្លាំងខ្យល់បក់លើសពី ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ ព្យុះហឺរីខិន Dorian ក្រៅពីបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៣០នាក់ វាក៏បានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម នៅបាហាម៉ាស់ ដែលត្រូវបានវាបោកបក់កាត់ចំតែម្តង។

គួរជម្រាបថា សម្រាប់សហរដ្ឋអាមេរិកវិញ ព្យុះហឺរិខិន Dorian បានត្រឹមមកក្បែររដ្ឋផ្លូរីដា ហើយបន្តឆ្ពោះទៅភាគជើង ដែលនៅទីបំផុតក៏បានឆាបប៉ះឆ្នេររបស់រដ្ឋ North Carolina នាពេលនេះ និងកំពុងបន្តទៅភាគឦសានឆ្ពោះទៅក្បែរភាគគ្នេយ៍រដ្ឋ វើជីនៀ (Virginia) និង ម៉ាស្សាជូសេតស៍ (Massachusetts) នៅចុងសប្តាហ៍នេះ។ អាជ្ញាធរអាមេរិក បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្លាំងខ្យល់បក់ និងការជន់លិច ដែលអាចបង្កឡើងដោយសារព្យុះហឺរីខិននេះ៕