(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បាននិយាយថា លោកសុខចិត្តស្លាប់ជាជាងស្នើសុំឱ្យសហភាពអឺរ៉ុប ពន្យារពេលលើការចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាមួយជាលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍នេះនៅឯតំបន់ យ៉កហ្សាយអឺ (Yorkshire) បន្ទាប់ពីគម្រោង Brexit របស់លោកត្រូវបានសភាទាត់ចោល លោក Johnson បានលើកឡើងដូច្នេះថា «ខ្ញុំសុខចិត្តស្លាប់ជាជាងស្នើសុំឱ្យសហភាពអឺរ៉ុប ពន្យារពេលលើ Brexit»។ មេដឹកនាំអង់គ្លេសថ្មីថ្មោងរូបនេះបានបន្ថែមថា «ការអនុម័តប្រឆាំងនឹងគម្រោង Brexit របស់លោកនឹងកាន់តែ បង្កការលំបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដែលនឹងពិចារណាថា តើត្រូវទុកវេលាប៉ុន្មានដើម្បីឱ្យចក្រភពអង់គ្លេស បន្តស្ថិតនៅក្នុងប្លុកមួយនេះ ហើយខ្ញុំមិនអាចមើលឃើញថា វាជាប្រជាធិបតេយ្យនោះទេ»

គួរបញ្ជាក់ថា បើតាមការគ្រោងទុក អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប ដោយមាន ឬគ្មានកិច្ចព្រមព្រៀងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ប៉ុន្តែដោយសារតែផែនការរបស់ខ្លួនគឺ no-brexit deal ត្រូវបានសភាទាត់ចោល លោក Boris Johnson ប្រកាសថា លោកនឹងស្នើរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ៕