(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៃបណ្តាញកែវយឺត Event Horizon Telescope (EHT) ដែលប្រើពេលរាប់ឆ្នាំដើម្បីផលិតរូបភាពពិតជាក់ស្តែង លើកដំបូងបំផុតនៃប្រហោងខ្មៅនោះ ទើបតែទទួលបានប្រាក់រង្វាន់ធំ សម្រាប់ស្នាដៃដ៏អស្ចារ្យរបស់ពួកគេ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍រង្វាន់អន្តរជាតិផ្នែកវិទ្យាសាស្រ្ត Breakthrough Prize បានប្រគល់ទឹកប្រាក់ចំនួន ០៣លានដុល្លារឲ្យក្រុមកាងារ EHT ដែលនឹងត្រូវបែងចែកដោយស្មើភាពគ្នា សម្រាប់អ្នកវិទ្យាសាស្រ្តសរុបជិត ៣៥០នាក់ ដែលបានចូលរួមចំណែកបង្កើតសមិទ្ធផលខាងលើ។

គួរជម្រាបថា គម្រោងកែវយឺត EHT ដែលបានស្ថិតក្រោមការអភិវឌ្ឍប្រមាណ ០២ទសវត្សរ៍ គឺជាតភ្ជាប់ប្រព័ន្ធតេឡេស្កូបចំនួន ០៨គ្រឿងនៅអាមេរិក អេស៉្បាញ ម៉ីស៊ីកូ ទ្វីបអង់តាកទិក និងកន្លែងមួយចំនួនទៀតជុំវិញពិភពលោក ដើម្បីបង្កើតជាបណ្តាញ កែវយឺតយក្សមួយទំហំប៉ុនភពផែនដីតែម្តង។

ក្រុមអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់កែវយឺតយក្សនេះ ឆ្លុះមើលប្រហោងខ្មៅយក្សប្រភេទ Supermassive ចំនួន ០២ រួមមាន M87 ដែលនៅកាឡាក់ស៊ី Messier 87 ចម្ងាយជាង ៥៣លានឆ្នាំពន្លឺពីផែនដី និង Sagittarius A* ដែលនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើង។ ប្រហោងខ្មៅ M87 មានម៉ាសច្រើនជាងព្រះអាទិត្យ ៦.៥ពាន់លានដង ខណៈម៉ាសរបស់ Sagittarius A* គឺច្រើនជាងព្រះអាទិត្យ ៤.៣លានដង។ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុមអ្នកវិទ្យាសាស្រ្ត EHT បានបញ្ចេញរូបភាពពិតលើកដំបូងរបស់ M87៕