(ប៉េកាំង)៖ ក្រុមអ្នកជំនាញក៏ដូចជាមន្ត្រីរបស់បរទេសជាច្រើននាក់ បាននិយាយថាគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» សម្រាប់ទីក្រុងហុងកុង គួរតែត្រូវបន្តគោរពតាមឱ្យបានខ្ជាប់ខ្ជួន ដោយសារតែប្រសិទ្ធភាព នៃគោលនយោបាយមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក Jannie Rossouw ជាអ្នកជំនាញ និងប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងវិទ្យាសាស្ត្រពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ Witwatersrand ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរ។ លោក Rossouw បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាវាគឺ ជាប្រព័ន្ធមួយដ៏ល្អ...ហើយវាបានដំណើរការប្រកបដោយប្រសិទ្ធភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះគោលនយោបាយនេះគួរតែត្រូវបន្តអនុវត្ត និងគោរពតាមឱ្យបានខ្ជាប់ខ្ជួន រីឯបរទេស នានាគួរតែកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុង»។

គួរជម្រាបថា គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ទីក្រុងហុងកុង ត្រូវបានអនុវត្តចាប់តាំងពី ចក្រភពអង់គ្លេស ប្រគល់ទីក្រុងនេះឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ចិន៕