(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ទោះបីជាលោក​មិនមែនជាអ្នកចូលចិត្តល្បែងស៊ីសងតាមអនឡាញក៏ដោយ ប៉ុន្តែលោកក៏មិនមានគំនិតក្នុងការ​ហាមឃាត់ការធ្វើពាណិជ្ជកម្ម ទៅតាមអ្វីដែលប្រទេសចិនបានអំពាវនាវនោះដែរ ព្រោះថាបើធ្វើបែបនោះមែន វានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចហ្វីលីពីន។ នេះបើតាមការ​ចេញផ្សាយដោយ Reuters ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក ឌូតឺតេ ដែលកន្លងមកបានគាំទ្រការបោះជំហាន របស់និយតករគ្រប់គ្រងអាជីវកម្មល្បែងស៊ីសង កាលពីចុងឆ្នាំ២០១៦ ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មល្បែង តាមប្រព័ន្ធអនឡាញនោះបាននិយាយថា លោកនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពឆ្កួតលីលា (ការបិទល្បែងស៊ីសងអនឡាញ) កើតមានឡើងនោះឡើយ ប្រសិនបើវាបាននិងកំពុងផ្តល់ការងារធ្វើជាច្រើននៅហ្វីលីពីននោះ។

បុរសខ្លាំងហ្វីលីពីនរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសម្រេចចិត្ត តម្កល់ផលប្រយោជន៍ប្រទេសរបស់ខ្ញុំ។ ខ្ញុំសម្រេចថា យើងត្រូវការវា (ល្បែងស៊ីសងតាមអ៊ីនធើណិត)»។ ទោះបីជាបែបនេះក្តីលោក ឌូតឺតេ ក៏បានព្រមានផងដែរថា ប្រតិបត្តិករនៃល្បែងស៊ីសងទាំងអស់ មិនត្រូវភ្លេចក្នុងការបង់ពន្ធជូនរដ្ឋនោះឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនរកស៊ីខាងបើកបនល្បែងស៊ីសង ឬកាស៊ីណូធំៗមួយចំនួននៅហ្វីលីពីន​ដូចជា POGOs ជាដើមត្រូវបានគេដឹងថា បានផ្តល់ការរីកចំរើនខ្លាំងដល់សេដ្ឋកិច្ចក្នុងតំបន់ ហើយក៏បានទាក់ទាញភ្ញៀវជាច្រើនមកពីប្រទេសចិនផងដែរ។ និយតករហ្វីលីពីនបានផ្តល់​អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនល្បែងអនឡាញចំនួន ៦០ មកហើយ ប៉ុន្តែកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការផ្តល់អាជ្ញាធរត្រូវបិទ ព្រោះសមាជិកសភា និងរដ្ឋមន្ត្រីហ្វីលីពីនមួយចំនួន​បានអំពាវនាវ​ឲ្យមានការគ្រប់គ្រងលំហូរជនជាតិចិន ឲ្យបានតឹងរ៉ឹងជាងមុន ឆ្លើយតបចំពោះការព្រួយបារម្ភរបស់ប្រជាជន នៅក្នុងតំបន់អំពីសន្តិសុខ៕