(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បាននិយាយថា លោកនឹងផ្តល់កម្ចីឥណទានទំហំ «មួយពាន់លានដុល្លារ» ទៅឲ្យប្រទេសរុស្ស៊ី​សម្រាប់ការអភិវឌ្ឍនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងការថ្លែងសុន្ទរកថារបស់លោក ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ច EEF នៅឯទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) លោកនាយករដ្ឋមន្រ្តីឥណ្ឌាបានលើកឡើងថា ទីក្រុងញូដេលីនឹងផ្តល់ប្រាក់កម្ទីចំនួន «១ពាន់លានដុល្លារ» សម្រាប់កិច្ចការងារអភិវឌ្ឍនៅតំបន់ចុងបូព៌ារុស្ស៊ី ខណៈវាគឺជាលើកដំបូងហើយ ដែលឥណ្ឌាបានផ្តល់ឥណទាន សម្រាប់តំបន់ជាក់លាក់នៅក្នុងប្រទេសមួយបែបនេះ។

គួរជម្រាបថា លោក ម៉ូឌី ត្រូវបានអញ្ជើញឲ្យទៅចូលរួមវេទិកា EEF ក្នុងនាមជាភ្ញៀវកិត្តិយសពិសេសម្នាក់។ នាឱកាសទៅដល់ទីក្រុង Vladivostok លោកក៏បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ លោក ម៉ូឌី វិញក៏បានអញ្ជើញអភិបាលក្រុងចំនួន ១១រូបនៅតំបន់ចុងបូព៌ា ឲ្យទៅបំពេញទស្សនកិច្ចនៅឥណ្ឌាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឥណ្ឌា-រុស្ស៊ី៕