(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ខ្លួនធ្លាប់បានសន្យាផ្ដល់ប្រាក់រង្វាន់ រាប់លានដុល្លារ ដល់កាពីទែនកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Adrian Darya 1 បើសិនជាបញ្ជាកប៉ាល់មួយ នេះឱ្យចូលក្នុងដែនទឹកណាមួយ ដែលឱ្យអាជ្ញាធរអាមេរិក អាចចាប់រឹបអូសបាន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

Financial Times ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើសារអេឡិចត្រូនិច ឬ E-mail របស់ប្រធានអង្គភាព Iran Action Group នៃក្រសួងការបរទេសអាមេរិក លោក Brian Hook ផ្ញើជូនកាពីទែនកប៉ាល់ដឹកប្រេង Adrian Darya 1 ជាជនជាតិឥណ្ឌា ឈ្មោះ Akhilesh Kumar មុននឹងសហរដ្ឋអាមេរិក បញ្ចូលកប៉ាល់នេះក្នុងបញ្ជីខ្មៅ។

នៅក្នុង E-mail នេះដដែល លោក Brian Hook បានលើកឡើងដូច្នេះថា៖ «ខ្ញុំកំពុងទន្ទឹមរង់ចាំ ព័ត៌មានល្អ...រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ មានបំណងផ្ដល់ប្រាក់រង្វាន់រាប់លាន ដុល្លារដល់លោកកាពីទែន បើសិនជាបញ្ជាកប៉ាល់នេះ ឱ្យចូលក្នុងតំបន់ដែនទឹកណាមួយដែល អាចឱ្យអាជ្ញាធរអាមេរិក ចាប់រឹបអូសបាន»

ប៉ុន្តែ លោក Kumar មិនបានខ្វាយខ្វល់ពី E-mail នេះឡើយ ហើយក្រោយមកទើប សហរដ្ឋអាមេរិកសម្រេចចិត្តបញ្ចូល រូបលោក និងកប៉ាល់ Adrian Darya 1 ទៅក្នុងបញ្ជីខ្មៅជាប់ ទណ្ឌកម្ម។

គួរជម្រាបថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Adrian Darya 1 ត្រូវបានកងម៉ារីនអង់គ្លេស រឹបអូស កាលពី ខែកក្កដាកន្លងទៅ នៅក្នុងដែនទឹក Gibraltar ដោយសង្ស័យថាដឹកជញ្ជូនប្រេងខុសច្បាប់ទៅកាន់ ប្រទេសស៊ីរី។ កប៉ាល់នេះ ត្រូវបានដោះលែងកាលពីខែសីហា បើទោះជាមានការជំទាស់ពី សហរដ្ឋអាមេរិកក៏ដោយ បន្ទាប់ពីកាពីទែនកប៉ាល់ សន្យាថាខ្លួននឹងមិនដឹកប្រេងឱ្យស៊ីរីទេ៕