(ហុងកុង)៖ មួយថ្ងៃក្រោយការប្រកាសថា ច្បាប់ធ្វើបត្យាប័ននឹងត្រូវលុបចោលជាស្ថាពរតែម្តងនោះ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានបញ្ជាក់បន្ថែមទៀតថា វាជាការសម្រេចចិត្តរបស់រដ្ឋបាលទីក្រុងស្វយ័តនេះ ហើយទីក្រុងប៉េកាំងក៏គាំទ្រការសម្រេចចិត្តនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី ខារី ឡាំ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «នេះគឺជាសេចក្តីសម្រេចមួយ (ការលុបចោលច្បាប់ធ្វើបត្យាប័ន) របស់រដ្ឋបាលទីក្រុងហុងកុង ហើយវាគឺជាវិធីតែមួយដែលសេចក្តីព្រាងច្បាប់ ត្រូវបានបង្កើតឡើង និងបញ្ជូនទៅកាន់រដ្ឋបាលទីក្រុងហុងកុងដូច្នោះឯង...។ យោងទៅតាមដំណើរការទាំងមូល រដ្ឋាភិបាលប្រជាជនមជ្ឈិម (ប៉េកាំង) បានស្វែងយល់អំពីមូលហេតុ ដែលយើងត្រូវតែធ្វើបែបនេះ... ពួកគេបានគោរពទស្សនរបស់ខ្ញុំ ហើយបានគាំទ្រមធ្យោបាយទាំងអស់របស់ខ្ញុំ...»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានប្រកាសថានឹងលុបចោលជាផ្លូវការ នូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលជាមូលហេតុចម្បងបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងកក្រើក នៅក្នុងទីក្រុងស្វយ័តចិនមួយនេះ ដែលបានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន គឺជាងបីខែហើយ។

ច្បាប់ធ្វើបត្យាប័នខាងលើមានគោលដៅ អនុញ្ញាតឲ្យជនសង្ស័យនៅទីក្រុងហុងកុង អាចត្រូវប្រគល់ខ្លួនឲ្យទៅអាជ្ញាធរចិនដីគោកបាន ដែលប្រការនេះធ្វើឲ្យមានការជំទាស់ជាខ្លាំង រហូតបង្កជាការផ្ទុះបាតុកម្មទ្រង់ទ្រាយធំសម្បើម នៅទូទាំងហុងកុងកាលពីប៉ុន្មានខែមុន។ ខណៈកាលពីខែកក្កដាលោកស្រី ឡាំ បានប្រកាសថា ច្បាប់ធ្វើបត្យាប័ននេះ រលាយសាបសូន្យហើយនោះ តាមពិតគឺមិនទាន់ត្រូវបានលុបចោលទាំងស្រុងតែម្តងទេ។

ការលុបចោលសេចក្ដីព្រាងច្បាប់នេះ គឺជាសំណើដ៏សំខាន់មួយ ក្នុងចំណោមការទាមទារទាំង ៥ របស់ក្រុមបាតុករក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី Lam ចុះចេញពីតំណែងផងដែរ។ យ៉ាងណាមិញ ក្រុមបាតុករមួយចំនួនបានលើកឡើងថា ការលុបចោលជាផ្លូវការនេះហាក់ដូចជាយឺតពេលបន្តិចហើយ៕