(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់​នាយករដ្ឋមន្ត្រីប្រទេសបាហាម៉ាស់ (Bahamas)លោក ហ៊ូប៊ឺត មីននីស (Hubert Minnis) ដើម្បីបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់ជំនួយពេញទំហឹងរបស់អាមេរិក ចំពោះប្រទេសដីកោះមួយនេះ ក្រោយពីបានទទួលរងការវាយប្រហារយ៉ាងដំណំពីព្យុះហឺរីខិន ដូរៀន (Dorian) ដែលមានកម្រិតធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយ​ដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

អាជ្ញាធរបាហាម៉ាស់បានប្រាប់កាសែតអាមេរិក Washington Post ថា ចំនួនមនុស្សស្លាប់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានកើនឡើងដល់ ២០នាក់ហើយ នៅពេលដែលព្យុះហឺរីខិន Dorian បានបង្កើនឥទ្ធិពលដល់កម្រិតកំពូលតែម្តង​កាលពីថ្ងៃអាទិត្យសប្តាហ៍មុន និងបានបោកបក់យ៉ាងដំណំ មកលើប្រទេសដីកោះនេះអស់រយៈពេល ៤០ម៉ោង មុននឹងបន្តឆ្ពោះទៅកាន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។

ជុំវិញគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ លោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់​ទៅកាន់នាយករដ្ឋមន្ត្រីបាហាម៉ាស់ និងបានធានាយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយសព្វបែបយ៉ាង ដែលខ្លួនអាចធ្វើទៅបាន ទៅកាន់ប្រជាជនបាហាម៉ាស់ កំឡុងពេលដែលរដ្ឋាភិបាលបាហាម៉ាស់បានរៀបចំ និងទប់ទល់ព្យុះហឺរីខិន Dorian រួចទៅហើយ»។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិវិញ ប្រជាជនបាហាម៉ាស់យ៉ាងហោចណាស់ជាង ៧០,០០០នាក់ កំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ទាំងចំណីអាហារ និងជម្រកស្នាក់នៅ។ សម្រាប់តំណាក់កាលបន្ទាន់ UN សម្រេចផ្តល់ជំនួយ ១លានដុល្លារ ដើម្បីដោះស្រាយទីជម្រក ទឹក និងចំណីអាហារសម្រាប់ប្រជាជនរងគ្រោះទាំងអស់របស់បាហាម៉ាស់។ Bahamas ជាប្រទេសដែលមានប្រជុំកោះតូច-ធំជាង ៧០០ ស្ថិតនៅក្នុងដែនសមុទ្រការីបៀន ទល់មុខរដ្ឋផ្លូរីដារបស់អាមេរិក និងមានប្រជាជនរស់នៅសរុប ៤សែននាក់ប៉ុណ្ណោះ៕