(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គឺជាពេលដែល Samsung Galaxy Fold ដែលត្រូវបានពន្យារពេលចេញលក់អស់ប៉ុន្មានខែនោះ ត្រូវបញ្ចេញមុខជាថ្មី និងជាផ្លូវការតែម្តង នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានបំពាក់ 5G មករួចជាស្រេច មិនខុសពីការគ្រោងបញ្ចេញ Huawei Mate X ដែលត្រូវបានពន្យារពេលដូចគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩)

Galaxy Fold គឺជាទូរស័ព្ទបត់អេក្រង់មុនគេលើលោក និងដំបូងបំផុតរបស់ Samsung ដែលមានអេក្រង់ Super AMOLED គុណភាពកម្រិតខ្ពស់បំផុត និងអាចបត់បានដូចជាក្រដាស ព្រមទាំងបានឆ្លងកាត់ការធ្វើតេស្តយ៉ាងខ្លាំងក្លាបំផុត។ សម្រាប់តម្លៃ Galaxy Fold នៅកូរ៉េខាងត្បូងវិញគឺ ២,៣៩៨លានវ៉ុន ឬស្មើនឹង ១,៩៧៧ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ទោះបីត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ក៏ពិតមែន តែវានឹងត្រូវបញ្ចេញលក់ទៅទីផ្សារបរទេសនៅឆ្នាំ២០២០ឯណោះ ដូចជានៅសហរដ្ឋអាមេរិក Samsung គ្រោងយក Galaxy Fold ទៅលក់នៅទីនោះក្នុងខែមេសា ឆ្នាំ២០២០ រួមទាំងប្រទេសតំបន់អឺរ៉ុបជាច្រើនទៀតនាពេលបន្តបន្ទាប់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ Samsung ក៏សុខចិត្តធានាជួយជួសជុលអេក្រង់ខូច ជាមួយនឹងការចេញថ្លៃចំណាយជូន ៧០% លើតម្លៃជួសជុលដើម សម្រាប់អតិថិជនទាំងអស់ផងដែរក្នុងរយៈពេល ១ឆ្នាំ៕