(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា អ្នកទោស ១,៧០០នាក់ ដែល ត្រូវបានដោះលែងឱ្យសេរីភាព ដោយសារមាន «អាកប្បកិរិយាល្អ» គួរតែត្រឡប់មកកាន់ពន្ធនាគារវិញ បន្ទាប់ពីមានសំណួរជាច្រើនពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការដោះលែងអ្នកទាំងនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធនេះ បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ក៏បានប្រកាស ទុកពេល១៥ថ្ងៃដែរ ឱ្យអ្នកទោស១,៧០០នាក់ខាងលើ ប្រគល់ខ្លួនឱ្យប៉ូលិសដោយស្ម័គ្រចិត្ត មុនប៉ូលិស ប្រើធម៌ក្ដៅ។ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា៖ «បើខ្ញុំជាអ្នក ខ្ញុំនឹងប្រគល់ខ្លួនឱ្យប៉ូលិស ឬយោធា ដែលនៅជិតបំផុត...ប៉ុន្តែបើអ្នកមិនព្រមប្រគល់ខ្លួនទេ នោះខ្ញុំនឹងផ្ដល់ប្រាក់រង្វាន់ ១៩,០៦៥ដុល្លារ ក្នុង អ្នកទោសម្នាក់ ទោះស្លាប់ ឬរស់ក៏ដោយ»។

គួរជម្រាបថា លោក ឌូតឺតេ ក៏បានស្នើឱ្យប្រធានពន្ធនាគាររបស់លោក លាលែងចេញពីតំណែង ផងដែរ ដោយសារមិនគោរពតាមបទបញ្ជាហាមដោះលែងអ្នកទោស ដែលត្រូវបានដោះលែងមុនកាលកំណត់ ដោយសំអាងលើ «អាកប្បកិរិយាល្អ» ក្រោមច្បាប់ឆ្នាំ២០១៤៕