(ប៉ាគីស្ថាន)៖ ស្ថិតនៅចំពោះមុខស្ថានការណ៍កាន់តែផុយស្រួយជាមួយប្រទេសឥណ្ឌា និងការចល័តទ័ពថ្មីៗព្រមទាំងសព្វាវុធ នៅតាមតំបន់ព្រំដែនជម្លោះកាស្មៀរ រវាងប្រទេសអតីតបងប្អូនទាំងពីរនោះ រដ្ឋមន្ត្រីមួយរូបរបស់ប៉ាគីស្ថានបានចេញមុខព្រមានថា គ្រាប់បែកនុយក្លេអ៊ែរតូចៗរបស់ប៉ាគីស្ថាន អាចវាយប្រហារទីតាំងណាក៏បានដែលខ្លួនចង់ ទៅលើទឹកដីប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថាន ហ្សេក រ៉ាហ្ស៊ីដ អាម៉េដ (Sheikh Rashid Ahmed) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការតស៊ូដើម្បីសេរីភាពចុងក្រោយបានមកដល់... ហើយសង្គ្រាមជាមួយឥណ្ឌា នឹងក្លាយជាគ្រាចុងក្រោយនៅពេលនេះ...»។ លោក រ៉ាហ្ស៊ីដ អាម៉េត បានលើកឡើងបែបគំរាមទៀតថា គ្រាប់បែកនុយក្លេអ៊ែរប៉ាគីស្ថានដែលមានទម្ងន់តែ ១២៥-២៥០ក្រាមប៉ុណ្ណោះ អាចធ្វើការវាយប្រហារ និងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន។

រដ្ឋមន្ត្រីប៉ាគីស្ថានខាងលើនេះ ក៏បានព្រមានទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិដ្រា ម៉ូឌី ផងដែរឲ្យចៀសវាងនូវការបង្កហេតុណាមួយ ដែលតម្រូវឲ្យប៉ាគីស្ថានចាត់ទុកថាវា ជាពេលអត់ធ្មត់ចុងក្រោយឲ្យសោះ ព្រោះប្រទេសទាំងពីរសុទ្ធតែមាននុយក្លេអ៊ែរក្នុងដៃ។ ទោះបីជាបែបនេះក្តី ប្រទេសប៉ាគីស្ថានក៏បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចចរចាគ្នាផងដែរ ដើម្បីឲ្យបញ្ហាតំបន់កាស្មៀររវាងប្រទេសទាំងពីរ អាចដោះស្រាយបានដោយអនុលោម​ទៅតាមដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ (UN)។

គួរបញ្ជាក់ថា ក្រៅពីការគំរាមប្រើនុយក្លេអ៊ែរ ប៉ាគីស្ថានក៏មិនភ្លេចប្រាប់ឥណ្ឌានោះដែរថា ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនោះទាំងឥណ្ឌា និងប៉ាគីស្ថាននឹងបែកទៅជា ២២បំណែក។ ជម្លោះនៃការបាញ់បោះតាមព្រំដែនបានផ្ទុះឡើងពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ ហើយក៏ឈានដល់កម្រិតការទូតថែមទៀត។ អ្នកវិភាគខ្លះបានលើកឡើងថា បើនៅតែមិនអាចបន្ថយកម្តៅបច្ចុប្បន្នទេនោះ សង្គ្រាមរវាងប្រទេសធំៗទាំងពីរ នឹងផ្ទុះឡើងនៅកំឡុងខែវិច្ឆិកា ព្រោះការដាក់ពង្រាយទ័ព និងសព្វាវុធតាមព្រំដែនរៀងៗខ្លួន បានចាប់ផ្តើមជាបណ្តើរៗទៅហើយ៕