(ញូដេលី)៖ កងកម្លាំងហៅកាត់ថា IBG ដែលជាក្រុមទ័ពទើបបង្កើតថ្មី មានឯកទេសខាងធ្វើសកម្មភាពវាយប្រហារឆ្លងព្រំដែន នឹង ត្រូវយោធាឥណ្ឌាដាក់ពង្រាយនៅតាមព្រំប្រទល់ជាប់ជាមួយប៉ាគីស្ថាន ចំពោះមុខការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងរវាងប្រទេស ទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

មេទ័ពជើងគោកឥណ្ឌា លោក Bipin Rawat បាននិយាយថា យោធាឥណ្ឌាបានសម្រេចចិត្តថា នឹងធ្វើការដាក់ពង្រាយកងកម្លាំង ទ័ពទើបបង្កើតថ្មី ដែលមានជំនាញខាងបើកប្រតិបត្តិការវាយប្រហារឆ្លងព្រំដែន នៅតាមបណ្តាយព្រំដែនជាប់ប៉ាគីស្ថាន ក្នុងពេល ប៉ុន្មានខាងមុខនេះ។

គួរជម្រាបថា យោធាឥណ្ឌាបានដាក់ពង្រាយកងទ័ព និងសព្វាវុធរបស់ខ្លួន ភាគច្រើននៅព្រំដែនភាគពាយ័ព្យប្រទេស ខណៈការ ដាក់ពង្រាយនេះបានបន្តកើនឡើង ចាប់តាំងតែពីផ្ទុះការប្រយុទ្ធគ្នារវាងយន្តហោះចម្បាំងនិងយន្តហោះចម្បាំង ជាមួយប៉ាគីស្ថាន កាលពីខែកុម្ភៈ ដែលជាពេលភាពតានតឹងនៅតំបន់កាស្មៀរ បានកើនឡើងកម្តៅយ៉ាងខ្លាំងក្លាបំផុត រវាងឥណ្ឌានិង ប៉ាគីស្ថាន ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន៕