(អាមេរិក)៖ ព្យុះហឺរីខិន ដូរៀន (Dorian) ដែលកំពុងឆ្ពោះមកកាន់រដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក បានបន្តកើនឡើងឥទ្ធិពលថែមទៀត ដោយនៅពេលនេះគឺស្ទុះឡើងដល់ព្យុះហឺរីខិនកម្រិតទី ៥ ដែលអាក្រក់បំផុតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការជូនដំណឹងពីមជ្ឈមណ្ឌលជាតិតាមដានព្យុះរបស់អាមេរិក ព្យុះហឺរីខិន Dorian បានបោកបក់ដល់ប្រទេសដីកោះ បាហាម៉ាស់ (Bahamas) ជាមួយកម្លាំងខ្យល់ជិត ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានកើនឡើងអានុភាពក្លាយជាព្យុះហឺរីខិនកម្រិតទី ៥។ ប្រការនេះបានធ្វើឲ្យវាក្លាយជាព្យុះហឺរីខិន ខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារប្រទេស Bahamas។

គួរជម្រាបថា ព្យុះ Dorian ត្រូវគេរំពឹងថា នឹងបោកបក់ដល់កៀករដ្ឋផ្លូរីដា នៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។ អាជ្ញាធររដ្ឋផ្លូរីដា ព្រមទាំងរដ្ឋមួយចំនួនទៀតនៅភាគខាងកើតអាមេរិកដូចជា ចរជា (Georgia) និងការ៉ូលីណាខាងត្បូង សុទ្ធតែបានបង្គាប់ឲ្យជម្លៀសខ្លួនប្រជាជន ជាពិសេសអ្នកដែលរស់នៅជាប់ឆ្នេរសមុទ្រ។ ជើងហោះហើរយ៉ាងតិច ៦០០ជើងនៅអាមេរិក សម្រាប់ថ្ងៃចន្ទសប្តាហ៍នេះ ក៏ត្រូវបានលុបចោលផងដែរ៕