(ឌូបៃ)៖ មនុស្សច្រើនជាង ១០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមចម្រុះអន្តរជាតិអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើមន្ទីរឃុំឃាំងអ្នកទោសមួយកន្លែង នៅក្នុងប្រទេសយ៉េមែន កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (CICRC) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានឱ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់ ៤០នាក់នៅមានជីវិត និងកំពុងសម្រាកព្យាបាល ដោយមិនបានបញ្ជាក់ថា មានអ្នកទោសប៉ុន្មាននាក់ស្ថិតក្នុងពន្ធនាគារនៃទីក្រុង Dhamar ខាងលើនេះឡើយ។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីតបានអះអាងថា ពួកគេបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ ឃ្លាំងអាវុធស្ដុកទុកយន្ដហោះដ្រូន និងមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។ ប៉ុន្តែខាងក្រុមឧទ្ទាមហ៊ូទីក៏បានបញ្ជាក់ដែរថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាមន្ទីរឃុំឃាំងអ្នកទោស៕