(ហុងកុង)៖ ក្រុមបាតុករក្រុងហុងកុងនៅព្រឹកថ្ងៃចន្ទនេះ បានបង្កភាពចលាចលជាថ្មី នៅឯស្ថានីយរថភ្លើងក្រោមដីដ៏មមាញឹកនៅក្នុងទីក្រុង បន្ទាប់ពីបានប៉ះទង្គិចគ្នាដ៏ហិង្សានៅក្នុង បាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមមន្ត្រីប៉ូលិសទីក្រុងហុងកុង ក្រុមបាតុករបានរារាំងមិនឱ្យមានការបិទទ្វាររថភ្លើង ជាហេតុធ្វើឱ្យរថភ្លើងនៅឯស្ថានីយរថភ្លើងក្រោមដី ឡុកហ៊្វូ (Lok Fu MTR) ត្រូវពន្យារពេលចេញដំណើរ ហើយមនុស្សម្នាក់ត្រូវបានចាប់ខ្លួនផងដែរ។

គួរជម្រាបថា បើទោះជាក្រុមបាតុករអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ាជាថ្មី នៅថ្ងៃចន្ទនេះក៏ដោយប៉ុន្តែគេសង្កេតឃើញថា ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ជាងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយហាងនានាចាប់ផ្ដើមបើកទ្វារ រថភ្លើងដំណើរការឡើងវិញ រីឯមនុស្សម្នាទាំងឡាយ នៅតែចេញទៅបំពេញការងាររៀងៗខ្លួនដដែល។

ដោយឡែកសាលារៀនមួយចំនួន ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការព្រមានពីព្យុះទីហ្វុងមួយ ដែលកំពុងបក់បោកមកកាន់ទីក្រុងហុងកុង៕