(វ៉ាស៊ីនតោន)៖ ការដំឡើងពន្ធលើផលិតផលនាំចូលពីចិនមានតម្លៃជាង ១២៥ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ក្នុងដំណាក់កាលទីមួយ បានចូលជាធរមានហើយនៅថ្ងៃអាទិត្យនេះ ខណៈចិនក៏ប្រកាសដំឡើងពន្ធជាការសងសឹកដូចគ្នាដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ការសម្រេចចិត្តដំឡើងពន្ធខាងលើ គឺជាដំណាក់កាលទីមួយ នៃផែនការដំឡើងពន្ធ ១៥ភាគរយ លើផលិតផលនាំចូលពីចិនដែល មានតម្លៃ៣០០ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំ២០១៩នេះ។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំង បានប្រកាសថាខ្លួនយកពន្ធ៥ភាគរយ លើប្រេងឆៅនាំចូលពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០១ ខែកញ្ញានេះតទៅ ហើយនេះគឺជាលើកដំបូងបំផុតដែលចិនវាយប្រហារលើប្រេងឆៅអាមេរិក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសទាំង២ផ្ទុះឡើង។

គួរជម្រាបថា បើសិនចាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬក៏ការដំឡើងពន្ធដាក់គា្នទៅវិញទៅមក នៅតែបន្តកើតឡើង នោះលោក ដូណាល់ ត្រាំ អាចនឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ស្ទើតែគ្រប់មុខមានតម្លៃជាង ៥៥០ពាន់លានដុល្លារ៕