អ៊ីស្រាអែលអរគុណលោក ត្រាំ ជាខ្លាំងដែលបានដាក់ទណ្ឌកម្មលើលីបង់ និងអំពាវនាវឲ្យគ្រប់គ្នា យកគំរូតាមសហរដ្ឋអាមេរិក (Video inside)
30-08-2019 11:33
(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអរគុណយ៉ាងខ្លាំងចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចចិត្ត ដាក់ទណ្ឌកម្មលើធនាគារលីបង់ ចាំម៉ាល់ ត្រាស់ (Jammal Trust Bank) ដែលត្រូវបានចោទប្រកាន់ថា បានផ្ដល់ហិរញ្ញវត្ថុឱ្យក្រុមហេសប៊ូលឡា (ជាក្រុមដែលអ៊ីស្រាអែលចោទថា ទទួលបានការជួយជ្រោមជ្រែងពីអ៊ីរ៉ង់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Netanyahu បានលើកឡើងដូច្នេះថា «នេះគឺជាការសម្រេចចិត្តដ៏សំខាន់ក្នុងការដាក់ទណ្ឌកម្ម ឬសម្ពាធលើដៃជើងរបស់អ៊ីរ៉ង់ ដែលកំពុងធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល... ហើយខ្ញុំពិតអរគុណខ្លាំងណាស់ដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយអំពាវនាវឱ្យប្រទេសដទៃយកគំរូតាមសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា»។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ បានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានប៉ាឡេស្ទីន មួយនៅក្បែររដ្ឋធានី ប៊ៃរូត (Beirut) និងទីក្រុង គួសាយ៉ា (Qousaya) ប្រទេសលីបង់។ ការវាយប្រហារនេះត្រូវបានប្រធានាធិបតីលីបង់ លោក មីឈែល អួន (Michel Aoun) ចាត់ទុកជាការប្រកាសសង្រ្គាម៕