(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងធ្វើការស៊ើបអង្កេតលើករណីមួយ ដែលអាចជាការប្រព្រឹត្តបទល្មើសលើកដំបូងបំផុត នៅក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអាមេរិក The New York Times នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

សារព័ត៌មាន New York Times ទើបទម្លាយឲ្យដឹងថា ស្រ្តីជាអវកាសយានិកអាមេរិកឈ្មោះ Anne McClain កាលពីប៉ុន្មានខែមុន បានរងការចោទប្រកាន់ពីបទលួចប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ និងពីបទហែគ (Hack) ចូលគណនីធនាគារអតីតគូស្នេហ៍របស់ ខ្លួន កំឡុងការបំពេញបេសកកម្មដែលមានរយៈពេល៦ខែ នៅលើស្ថានីយអវកាសអន្តរជាតិ ISS។

យោងតាមសារព័ត៌មានខាងលើ អតីតគូស្នេហ៍របស់លោកស្រី McClain ដែលជាស្រ្តីដូចគ្នាមានឈ្មោះថា Summer Worden បានដាក់ ពាក្យបណ្តឹងកាលពីប៉ុន្មានខែមុន ទៅកាន់អាជ្ញាធរពាក់ព័ន្ធរបស់អាមេរិក ក្រោយបានដឹងថាលោកស្រី McClain បានចូលក្នុងគណនីធនាគារខ្លួន ដោយពុំមានការអនុញ្ញាត ហើយគ្រួសារលោកស្រី Worden ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ ការិយាល័យប្រឆាំងបទល្មើសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ផងដែរ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ មេធាវីរបស់លោកស្រី McClain បាននិយាយថា លោកស្រីមិនបានធ្វើអ្វីខុសឡើយ ដោយលោកស្រីចូលទៅក្នុងគណនីធនាគារនោះ ដែលកន្លងមកធ្លាប់ជាគណនីរួម ពេលកំពុងស្នាក់នៅស្ថានីយអវកាស ISS ក្រោមចេតនាតាមដានកំណត់ត្រាហិរញ្ញវត្ថុ ដើម្បីធានានូវសុខុមាលភាពរបស់កូនប្រុសម្នាក់ ដែលពួកគេទាំងពីរបានចិញ្ចឹមមករួមគ្នា ហើយលោកស្រីបានប្រើប្រាស់ លេខសំងាត់ចាស់ដែលលោកស្រីតែងតែបានប្រើ។ គូស្នេហ៍ទាំងពីរ បានរៀបការ នឹងគ្នាកាលពីឆ្នាំ២០១៤ ខណៈនៅឆ្នាំ២០១៨ លោកស្រី Worden បានដាក់ពាក្យលែងលះ។

គួរជម្រាបថា លោកស្រី McClain បានត្រឡប់ពីស្ថានីយអវកាសអន្តរជាតិ ចុះមកផែនដីវិញកាលពីខែមិថុនាកន្លងទៅ ហើយត្រូវបានគេស្គាល់ច្រើន ដោយសារតែលោកស្រី ស្ថិតក្នុងចំណោមស្រ្តីពីរនាក់ដំបូងបំផុត ដែលត្រូវបានជ្រើសរើសសម្រាប់ការដើរ Spacewalk ដោយមានអវកាសយានិកជាស្រ្តីសុទ្ធ ប៉ុន្តែអង្គការ NASA បានលុបគម្រោងនោះចោលវិញ ដោយសារតែ ការខ្វះឈុតអវកាស សម្រាប់ដើរក្នុងលំហអវកាស ដែលត្រូវនឹងខ្លួនប្រាណរបស់ស្រ្តី៕