(ហុងកុង)៖ ប៉ូលិសក្រុងហុងកុងម្នាក់ បានបាញ់គ្រាប់កាំភ្លើងពិតមួយគ្រាប់ ហើយនេះគឺជាលើកដំបូងបំផុតដែល គ្រាប់កាំភ្លើងត្រូវបានប្រើប្រាស់ ចាប់តាំងពីបាតុកម្មតវ៉ា ផ្ទុះឡើងកាលពីខែមិថុនាមក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

អំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប៉ូលិសក្រុងហុងកុង កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងតំបន់ Tsuen Wan តែក្រោយមកអំពើហិង្សានេះបានរាលដាលទៅដល់តំបន់ Tsim Sha Tsui។ ដោយឡែក បើតាមរូបភាពជាច្រើនសន្លឹក មន្ត្រីប៉ូលិសហុងកុងម្នាក់បានបាញ់គ្រាប់កាំភ្លើងពិតមួយគ្រាប់ជាការព្រមាន ហើយប៉ូលិសជាច្រើននាក់ទៀត ក៏បានយកកាំភ្លើងតម្រង់ទៅរកក្រុមបាតុករ ក្នុងពេលប៉ះទង្គិចគ្នាផងដែរ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ដោយសារគ្រាប់កាំភ្លើងនោះទេ ស្របពេលមនុស្ស៣៦នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានយុវជនម្នាក់អាយុ១២ឆ្នាំទៀតផង។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង កើតឡើងដំបូងកាលពីខែមិថុនាកន្លងទៅ ដោយសារតែសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ប៉ុន្តែមកទល់បច្ចុប្បន្ន បាតុកម្មតវ៉ា នៅតែបន្តផ្ទុះឡើងដដែល បើទោះជាច្បាប់នេះត្រូវបានផ្អាកចោលទៅវិញទាំងស្រុងក៏ដោយ ដ្បិតក្រុមបាតុករ ទាមទារឱ្យមានកំណែទម្រង់ជាច្រើន ក្នុងនោះរួមមានទាំងការទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែងផងដែរ៕