(វ៉ាស៊ីនតោន)៖ វែបសាយព័ត៌មានអាមេរិក Axios នាថ្ងៃអាទិត្យ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិតចង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើព្យុះហឺរីខិន (Hurricane) ដើម្បីទប់ស្កាត់កុំឲ្យពួកវា បោកបក់មកដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

ក្នុងកិច្ចពិភាក្សាមួយពាក់ព័ន្ធនឹងព្យុះហឺរីខិន លោក ដូណាល់ ត្រាំ បានដាក់ជាសំណួរថា តើវាអាចទៅរួចទេដើម្បីកម្ចាត់ព្យុះហឺរីខិន ដែលកើតឡើងនៅលើមហាសមុទ្រអាត្លង់ទិច តាមរយៈការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរឲ្យចំចំណុចកណ្តាលរបស់ពួកវា។ បើតាម​ប្រភពព័ត៌មានដែលវែបសាយ ​Axios ទទួលបាន ក្រុមមន្រ្តីដែលមានវត្តមានក្នុងកិច្ចប្រជុំ គឺបានចេញទៅវិញ ដោយមិនដឹងថាគួរតែគិតបែបណាឡើយ ចំពោះការលើកឡើងរបស់លោក ត្រាំ។

យ៉ាងណាក្តី វែបសាយព័ត៌មាន Axios ពុំបានបញ្ជាក់ថា កិច្ចប្រជុំខាងលើ ត្រូវបានធ្វើឡើងតាំងពីពេលណាឡើយ តែបានអះអាងថា វាមិនមែនជាលើកទីមួយទេ ព្រោះកាលពីឆ្នាំ២០១៧ លោក ត្រាំ ក៏បានសួរយោបល់ពីមន្រ្តីជាន់ខ្ពស់ម្នាក់ដែរថា តើរដ្ឋបាលលោក​គួរទម្លាក់គ្រាប់បែក ដើម្បីរារាំងកុំឲ្យព្យុះហឺរីខិនបោកបក់មកដល់អាមេរិកដែរឬអត់។

គំនិតខាងលើនេះ គឺមិនមែនជាអ្វីថ្មីឡើយ ដោយកាលពីទសវត្សរ៍ឆ្នាំ១៩៥០ អ្នកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក Dwight Eisenhower ក៏ធ្លាប់បានលើកឡើងនូវគំនិតបែបនេះដែរ។ ដោយឡែក អ្នកវិទ្យាសាស្រ្តជារួមមានការយល់ស្របដូចគ្នាថា គ្រាប់បែកនុយក្លេអ៊ែរមិនអាចកម្ចាត់ព្យុះហឺរីខិនបានឡើយ តែផ្ទុយទៅវិញកម្លាំងខ្យល់របស់វា នឹងធ្វើឲ្យសារធាតុវិទ្យុសកម្មសាយភាយយ៉ាងឆាប់រហ័សទៅកាន់តំបន់ដែលនៅជុំវិញ។

គួរជម្រាបថា សហរដ្ឋអាមេរិក ជាធម្មតាតែងទទួលរងការវាយប្រហារពីសំណាក់ព្យុះហឺរីខិន ដែលកកើតឡើងនៅផ្ទៃសមុទ្រ។ កាលពីឆ្នាំ២០១៧ ហឺរីខិនឈ្មោះ Harvey បានក្លាយជាព្យុះហឺរីខិនដ៏ខ្លាំងនិងអាក្រក់ជាងគេបំផុត ដែលបានវាយប្រហារលើអាមេរិក ក្នុងអំឡុងពេល១២ឆ្នាំចុងក្រោយ៕