(សេអ៊ូល)៖ នាថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងបានចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅតំបន់ទីប្រជុំកោះ ដែលមានវិវាទ ជាមួយប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា សមយុទ្ធខាងលើមានការចូលរួមពីនាវានិងយន្តហោះចម្បាំង ហើយមានគោលដៅពង្រឹង សមត្ថភាពការពារទីប្រជុំកោះ Liancourt Rocks និងតំបន់ជុំវិញនោះ ដែលនៅក្នុងសមុទ្រជប៉ុន (សមុទ្រខាងកើត)។ ទីប្រជុំកោះ Liancourt Rocks ត្រូវកូរ៉េខាងត្បូងហៅថា Dokdo រីឯជប៉ុនហៅថា Takeshima ហើយស្ថិតនៅស្ទើរតែចំចំណុចកណ្តាលរវាង​ប្រទេសទាំងពីរ។ កូរ៉េខាងត្បូងបានបន្តប្រារព្ធសមយុទ្ធយោធានេះ តាំងពីឆ្នាំ១៩៨៦មក ជារៀងរាល់ឆ្នាំ ហើយជាទូទៅក្នុងមួយឆ្នាំៗ គឺប្រព្រឹត្តទៅពីរដង។

គួរជម្រាបថា ខណៈទីក្រុងសេអ៊ូលបានគ្រប់គ្រងទីប្រជុំតូចនេះ ចាប់ពីឆ្នាំ១៩៤៥មក គឺនៅពេលអាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េដួលរលំ ទីក្រុងតូក្យូបានទាមទារថាវាជារបស់ខ្លួន និងបានចោទកូរ៉េខាងត្បូងថា ដណ្តើមយកទៅដោយខុសច្បាប់។ បច្ចុប្បន្ន កូរ៉េខាងត្បូងនិងជប៉ុន ក៏កំពុងតែមានបញ្ហាជម្លោះផ្នែកពាណិជ្ជកម្មយ៉ាងក្តៅគគុកជាមួយគ្នាផងដែរ ដោយមិនទាន់រកដំណោះស្រាយឃើញនៅឡើយទេ៕