(ហុងកុង)៖ អាកាសយានដ្ឋាន ផ្លូវថ្នល់ និងផ្លូវដែកនៅក្នុងទីក្រុងហុងកុង បាននិងកំពុងវិលទៅរកដំណើរការជាធម្មតាឡើងវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះបើទោះជាក្រុមបាតុករ មានគម្រោងធ្វើបាតុកម្មតវ៉ាជាថ្មីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters

នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើសាក្សីជាច្រើននាក់ក៏បានឱ្យដឹងដែរថា ប៉ូលិសមួយចំនួនត្រូវបានដាក់ឱ្យយាមកាមនៅតាមផ្លូវចេញចូល នៃអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង រីឯអ្នកចេញចូលទាំងអាស់ត្រូវតែបង្ហាញប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនជាដើម។

គួរបញ្ជាក់ថា អាជ្ញាធរក្រុងហុងកុងបានអនុវត្តតាមបង្គាប់ពីតុលាការ ក្នុងការហាមឃាត់ការធ្វើបាតុកម្មតវ៉ានៅឯអាកាសយានដ្ឋាន ក្រោយក្រុមបាតុករបានបង្កការរំខានយ៉ាងខ្លាំង ដល់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិ ជាហេតុបង្ខំឱ្យជើងហោះហើរជិត ១,០០០ ត្រូវបានលុបចោលទៀតផង។
តែទោះជាយ៉ាងនេះក្ដី បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្រុមបាតុករមានគម្រោងធ្វើបាតុកម្មតវ៉ាជាថ្មីនៅថ្ងៃសៅរ៍នេះ នៅក្នុងតំបន់ជាច្រើនក្នុងនោះរួមទាំងតំបន់ គ្វុនតុង (Kwun Tong) ផងដែរ៕