(អឺរ៉ុប)៖​​ ខណៈស្ថានការណ៍កំពុងតែអាសន្ន និងចំណាត់ការនានាដូចជាគ្មានប្រសិទ្ធភាព​នោះ ប្រទេសអៀរឡង់បានចេញមុនគំរាម ទៅដល់បណ្តាប្រទេសអាមេរិកឡាទីន ជាពិសេសគឺប្រេស៊ីលតែម្តង ឲ្យព្យាយាមពុះពារដោះស្រាយបញ្ហាភ្លើងឆេះព្រៃ អាម៉ាហ្សូន (Amazon) ជាបន្ទាន់ បើមិនដូច្នោះទេកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសអាមេរិកឡាទីនមួយចំនួនដែលមានឈ្មោះថា «កិច្ចព្រមព្រៀងមែរកូហ្សួរ» (EU-Mercosur) នឹងត្រូវរាំងស្ទះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

ជាការឆ្លើយតបចំពោះមហន្តរាយភ្លើងឆេះព្រៃ Amazon ដែលបានអូសបន្លាយមកប៉ុន្មាន​សប្តាហ៍ទៅហើយនេះ និងជាហេតុការណ៍អាក្រក់បំផុត​សម្រាប់ប្រវត្តិសាស្ត្រ នៃព្រៃគំរបទឹកភ្លៀងសំខាន់បំផុតរបស់ភពផែនដីនេះ នាយករដ្ឋមន្ត្រីអៀរឡង់លោក លីអូ វ៉ារ៉ាដការ (Leo Varadkar) បានគំរាមទៅប្រេស៊ីលថា «វាគ្មានផ្លូវនោះឡើយដែលអៀរឡង់ នឹងបោះឆ្នោតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Mercosur ប្រសិនបើប្រទេសប្រេស៊ីលមិនព្រមទទួលខុសលើការប្តេជ្ញាចិត្ត ការពារបរិស្ថានរបស់ខ្លួននោះ...»។

ជុំវិញបញ្ហាភ្លើងឆេះព្រៃដែលធំជាងរាល់ឆ្នាំជិត ១០០ដងនេះ ទាំងប្រទេសធំៗមួយចំនួន និងអង្គការបរិស្ថាននៅប្រេស៊ីលផ្ទាល់ បានទម្លាក់បន្ទុកនេះ​ទាំងអស់ទៅលើប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ ថាមិនសូវបានអើពើនឹង​កិច្ចការពារព្រៃឈើនោះឡើយ ទើបបង្កឲ្យបញ្ហានេះផ្ទុះឡើង។ យ៉ាងណាក៏ដោយ​មេដឹកនាំ​ប្រេស៊ីលរូបនេះបានធ្វើការឆ្លើយតបទៅវិញ និងចាត់ទុកការរិះគន់ទាំងនោះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រេស៊ីល ដែលមិនគួរឲ្យកើតមានឡើងទាល់តែសោះ​នៅក្នុងស្ថានការណ៍ដ៏អាសន្នបែបនេះ។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា «សួតរបស់ផែនដី» ដោយវាផលិតខ្យល់អុកស៊ីហ្សែន ២០ភាគរយ នៅក្នុងបរិយាកាសផែនដីទាំងមូល និងជាព្រៃទាក់ទាញទឹកភ្លៀងដ៏សំខាន់មួយ​នៅលើពិភពលោក។ ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន ដ្បិតវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងការឡើងកម្ដៅផែនដី