(ឈីលី)៖ ក្នុងនាមជាប្រទេសអាមេរិកឡាទីនដូចជា ឈីលីបានសម្រេចចិត្តផ្ដល់ជំនួយដល់ប្រទេសប្រេស៊ីល និងបូលីវី (Bolivia) ដែលកំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងដ៏សម្បើមអស្ចារ្យ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន (Amazon) ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតរបស់ភពផែនដី។ នេះបើតាមសម្តីប្រធានាធិបតីឈីលី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណែរ៉ា (Sebastian Pinera) បានគូសបញ្ជាក់លើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដូច្នេះថា «វាគឺជាបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរក្នុងតំបន់អាម៉ាហ្សូន... ហើយថ្ងៃនេះខ្ញុំបាន ជជែកជាមួយប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងប្រធានាធិបតីបូលីវីលោក អ៊ីវ៉ូ ម៉ូរ៉ាលែស (Evo Morales) ពីការផ្ដល់ជំនួយរបស់ឈីលី ដើម្បីជួយដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ»។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ដោយឡែកជំវិញបញ្ហានេះដែរ សហគមន៍អន្តរជាតិក្នុងនោះរួមមានទាំងប្រធានាធិបតីបារាំង និងអគ្គលេខាធិការអង្គការសហប្រជាជាតិ សុទ្ធតែបានបង្ហាញការព្រួយបារម្ភ និងរិះគន់ ខណៈលោក Jair Bolsonaro ប្រាប់កុំឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រេស៊ីល ព្រមទាំងបានទទួលស្គាល់ថា បញ្ហាភ្លើងឆេះព្រៃក្នុងតំបន់អាម៉ាហ្សូន អាចបង្កឡើងកសិករមួយចំនួនដែលដុតព្រៃធ្វើស្រែចំការ៕