(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងចាត់វិធានការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួន មួយគ្រឿងនៅក្នុងប្រទេសយេម៉ែន នៅក្នុងពេលឆាប់ៗនេះ ក្រោយលទ្ធផលស៊ើបអង្កេតបង្ហាញពី ការពិត និងអ្នកនៅពីក្រោយឧប្បដិហេតុនេះ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានសង្កត់ធ្ងន់ដូច្នេះថា៖ «យើងបានបាត់បង់យន្ដហោះដ្រូន MQ-9 មួយ គ្រឿងនៅប្រទេសយេម៉ែន... តែយើងសន្យាថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ក្រោយ លទ្ធផលស៊ើបអង្កេតបង្ហាញពីការពិតនិងអ្នកនៅពីក្រោយការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់យើង»។

គួរជម្រាបថា ក្នុងសប្តាហ៍នេះ ក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងនៅក្នុងតំបន់ Dhamar ស្ថិតភាគកណ្ដាលនៃ ប្រទេសយេម៉ែន។ ចំណែកឯ ក្រុមមន្ត្រីអាមេរិក ក៏បានទទួលស្គាល់ដែរថា យន្ដហោះដ្រូន MQ-9 ត្រូបានក្រុមឧទ្ទាមហ៊ូទីបាញ់ទម្លាក់ ហើយនេះក៏ជាលើកទី២ ដែលយន្ដហោះដ្រូនអាមេរិកត្រូវបាន បាញ់ទម្លាក់នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែមិថុនាកន្លងមក៕