(វ៉ាស៊ីនតោន)៖ គំនិតដ៏វែងឆ្ងាយនៃការទិញកោះហ្គ្រីនលែនដ៍ (Greenland) ពីប្រទេសដាណឺម៉ាករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិវឌ្ឍទៅជាបញ្ហាអន្តរជាតិមួយ នៅពេលដែលប្រធានាធិបតីអាមេរិករូបនេះ កាលពីថ្ងៃពុធសប្តាហ៍នេះបានវាយប្រហារដោយពាក្យសម្តី ទៅលើប្រទេសដាណឺម៉ាកម្តងទៀត ក្រោយពីប្រទេសនេះបានបដិសេធភ្លាមៗ និងអស់សំណើចចំពោះសំណើរបស់លោក ត្រាំ នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩។

លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំគិតថា សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី គឺអាក្រក់ណាស់»។ ការនិយាយរិះគន់របស់​លោក ត្រាំ នេះគឺចង់សំដៅទៅដល់នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី ម៉េតតេ ហ្វ្រែដឺរីកសិន (Mette Frederiksen)។

ប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា «វាគឺជាសេចក្តីថ្លែងការណ៍ដែលមិនសមរម្យ។ អ្វីដែលលោកស្រីត្រូវធ្វើគឺគ្រាន់តែនិយាយថា ទេយើងនឹងមិនចាប់អារម្មណ៍ទេ... ដោយសារតែលោកស្រីមិនមែននិយាយជាមួយខ្ញុំឯណា ពោលលោកស្រីកំពុងនិយាយជាមួយសហរដ្ឋអាមេរិកទាំងមូល។ លោកស្រីមិនគួរនិយាយជាមួយសហរដ្ឋអាមេរិក ដោយរបៀបនេះទេ...»

ក្រោយមកទៀត តាមរយៈការបង្ហោះសារនៅលើទំព័រ Twitter ផ្លូវការរបស់លោក លោក ត្រាំ ក៏បានបន្តការស្តីបន្ទោសរដ្ឋាភិបាលដាណឺម៉ាក ដែលមិនបានចំណាយប្រាក់គ្រប់គ្រាន់ សម្រាប់យោធាក្នុងនាមជាសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ។

គួរជម្រាបថា ក្រោយពីលិចលឺព័ត៌មានថា សហរដ្ឋអាមេរិកចង់ទិញកោះ Greenland ប្រទេសដាណឺម៉ាកបានចាត់ទុកថា ជារឿងគួរឱ្យអស់សំណើច និងប្រៀបដូចជាការនិយាយលេងសើច ក្នុងនៃទិវាកុហក April Fool ដូច្នោះ។ សមាជិកសភា និងមេដឹកនាំដាណឺម៉ាក ថែមទាំងបានបញ្ជាក់ដូចៗគ្នាទៀតថា «ដែនដីគ្រីនលែនមិនមែនសម្រាប់លក់នោះទេ» ពីព្រោះថាការលក់ដែនដីមួយនេះ វាមានន័យស្មើនឹងលក់ពលរដ្ឋដាណឺម៉ាក ៥០,០០០នាក់ឱ្យសហរដ្ឋអាមេរិកដូច្នោះដែរ។
នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី ម៉េតតេ ហ្វ្រែដឺរីកសិន (Mette Frederiksen) បានចាត់ទុកគំនិតរបស់សហរដ្ឋអាមេរិក ក្នុងការចង់ទិញយកកោះហ្គ្រីនលែនដ៍ ថាជាការវើរវាយ និងមិនសមហេតុផលសោះឡើយទៀតផង។ ដោយឡែកក្រោយការទាស់​សម្តីគ្នាមួយប្រាវនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានទាក់ទងទៅសមភាគីដាណឺម៉ាក ដើម្បីសម្រួលស្ថានការណ៍ និងពិភាក្សាអំពីការរឹតចំណង​មិត្តភាពរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រាប់ភាគីដាណឺម៉ាកស្ដីពីលទ្ធភាព​នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ រួមទាំងទៅលើដែនដីគ្រីនលែនដ៍ (Greenland) នៅក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិច។ កិច្ចសន្ទនារវាងលោក ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការបរទេសដាណឺម៉ា លោក ហ្សីពប៉េ គូហ្វូដ (Jeppe Kofod) ធ្វើឡើង នៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ លុបចោលគំរោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក ដោយសារតែការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី ដាណឺម៉ាក លោកស្រី Mette Frederiksen ពាក់ព័ន្ធនឹងដែនដីគ្រីនលែនដ៍៕