(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រាប់ក្រុមពាណិជ្ជករ និងអ្នកសេដ្ឋកិច្ចល្បីៗរាប់សិបនាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចនឹង ត្រូវបញ្ចប់នៅត្រឹម ឬមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពិធីទទួលអាហារជាមួយក្រុមពាណិជ្ជករ និងអ្នកសេដ្ឋកិច្ចល្បីៗជាង៤០នាក់ នៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ដោយឡែក បើតាមសេដ្ឋកិច្ចវិទូអាមេរិក លោក Stephen Moore ដែលបានចូលរួមក្នុងពិធីនោះដែរ លោក ប៉ុមប៉េអូ មានជំនឿថាចិន និងសហរដ្ឋអាមេរិក អាចនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ដែលនេះនឹងក្លាយជារឿងល្អសម្រាប់ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីដើមខែសីហា លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ១០ភាគរយ លើ មុខទំនិញនាំចូលពីចិនស្ទើគ្រប់មុខមានតម្លៃ៣០០ពាន់លានដុល្លារ ដែលនឹងត្រូវចូលជាធរមាន នៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ លោក ត្រាំ បានសម្រេចចិតពន្យារពេលការយកពន្ធនេះវិញ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីទុកឱកាសឱ្យក្រុមមន្ត្រីអាមេរិក និងចិនបន្តពិភាក្សាគ្នា ស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម បច្ចុប្បន្ន៕