(ហុងកុង)៖ មនុស្សសរុប ០៣នាក់បានររងបួស ក្នុងនោះមានម្នាក់របួសធ្ងន់ បន្ទាប់ពីត្រូវបានខ្មាន់កាំបិតម្នាក់ វាយប្រហារដោយដឹងមូលហេតុនៅក្នុងតំបន់ ត្សឹង ក្វាន់ អូ (Tseung Kwan O) ស្ថិតនៅភាគខាងកើតទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសឪលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរបើតាមសាក្សីនៅកន្លែងកើតហេតុ បុរសម្នាក់មានអាយុប្រហែល ៤០ឆ្នាំ បានយកកាំបិតដេញចាក់បុរសម្នាក់មានអាយុ ២៤ឆ្នាំ និងស្ត្រីពីរនាក់ដែលម្នាក់មានអាយុ ២៦ឆ្នាំ និងម្នាក់ទៀតមានអាយុ ៣៥ឆ្នាំ។ ប៉ុន្តែក្រោយបង្កហេតុ បុរសជាជនដៃដល់បានរត់គេចខ្លួនដោយសុវត្ថិភាព ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេត លើការវាយប្រហារដោយកូនកាំបិតនេះដែរ។ ដោយឡែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គួរបញ្ជាក់ថា ពុំមានការអះអាងថាហេតុការណ៍ខាងលើនេះ មានជាប់ពាក់ព័ន្ធទៅនឹងមហាបាតុកម្ម ដែលកំពុងកើតឡើងនៅទីក្រុងហុងកុងដែរ ឬក៏អត់នោះឡើយ ប៉ុន្តែវាជារឿងដែលកម្រកើតមាន​ឡើងបំផុត នៅក្នុងទីក្រុងដ៏ស៊ីវីល័យជាងគេរបស់ទ្វីបអាស៊ីមួយនេះ៕