(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នាថ្ងៃចន្ទនេះ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងអនុញ្ញាតឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទិញផលិតផលនិងសេវាកម្មផ្សេងៗ ពីក្រុមហ៊ុនអាមេរិកបានជាបណ្តោះអាសន្ន សម្រាប់រយៈពេល៩០ថ្ងៃទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។

លោក Ross បានបញ្ជាក់ថា ការសម្រេចបន្តពន្យារពេល៩០ថ្ងៃទៀតនេះ គឺដើម្បីផ្តល់ពេលវេលាបន្ថែមឲ្យអតិថិជនរបស់ Huawei នៅ​ទូទាំងសហរដ្ឋអាមេរិក សម្រាប់ងាកចេញពីផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដែលត្រូវបានអាមេរិកចោទប្រកាន់​ទាំងគ្មានភស្តុតាងថា បង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក បានបន្ថែមថា លោកនឹងកត់ឈ្មោះក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ Huawei ចំនួន៤៦ទៀត ដែលរួមមាននៅតាមប្រទេសអាហ្សង់ទីន អូស្រ្តាលី បេឡារុស ចិន កូស្តារីកា បារាំង ឥណ្ឌា អ៊ីតាលី ម៉ិចស៊ីកូ ជាដើម ចូលក្នុងបញ្ជីខ្មៅ។ ប្រការនេះនឹងធ្វើឲ្យចំនួនក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ Huawei កើនដល់ជាង១០០ហើយ ដែលត្រូវជាប់​ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក។

គួរជម្រាបថា តែប៉ុន្មានថ្ងៃ ក្រោយដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្ម កាលពីខែឧសភាកន្លងទៅ ក្រសួងពាណិជ្ជកម្មអាមេរិក បានផ្តល់ការអនុញ្ញាតជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ ដើម្បីឲ្យ HuaweI អាចទិញផលិតផល និងសេវាកម្មមួយចំនួនពីក្រុមហ៊ុនអាមេរិក ដើម្បីកាត់បន្ថយការប៉ះពាល់ព្រោះបម្រាមនោះវាភ្លាមៗពេក។ ការអនុញ្ញាតនោះ ត្រូវផុតកំណត់នៅថ្ងៃចន្ទនេះ ទើបអាមេរិកចេញមុខបញ្ជាក់ថា នឹងបន្តពន្យារ៩០ទៀត៕