(សៀងហៃ)៖ ស្ថាប័នក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន បានអំពាវនាវឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងថែមទៀតនៅទីក្រុង ហ្សិនជិន (Shenzhen) ព្រមទាំងការធ្វើសមាហរណកម្មវប្បធម៌ ក៏ដូចជាសេដ្ឋកិច្ចរបស់ទីក្រុងភាគខាងត្បូងនេះ ជាមួយទីក្រុងម៉ាកាវនិងហុងកុង ដែលស្ថិតនៅក្បែរៗគ្នា។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។

ក្នុងសេចក្តីបង្គាប់មួយមាន ១៩ចំណុច ស្ថាប័នក្រុមប្រឹក្សារដ្ឋចិន ឬរដ្ឋាភិបាលនៃប្រទេសចិន បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុង Shenzhen ឲ្យក្លាយជាទីក្រុងដ៏ខ្លាំងបំផុតមួយ នៅលើពិភពលោកនៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្នទីក្រុងនេះ បានប្រែខ្លួនពីក្រុងធម្មតាមួយទៅជាកន្លែងប្រមូលផ្តុំនៃវិស័យផលិតកម្ម និងបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិន។ តួយ៉ាងទីស្នាក់ការរបស់ក្រុមហ៊ុនយក្សធំបំផុតរបសចិនគឺ Tencent និងក្រុមហ៊ុន Huawei គឺសុទ្ធតែស្ថិតនៅទីនោះស្រាប់។

គួរជម្រាបថា ក្រៅពីនេះសេចក្តីបង្គាប់ខាងលើ ក៏បានជំរុញឲ្យមានការធ្វើសមាហរណកម្ម​ផ្នែកវប្បធម៌ និងសេដ្ឋកិច្ចនៃទីក្រុង Shenzhen ជាមួយទីក្រុងម៉ាកាវ និងទីក្រុងហុងកុងផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការអំពាវនាវនេះកើតមានឡើង ចំពោះមុខការបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុង ដែលកំពុងតែគំរាមកំហែងជាខ្លាំងចំពោះទីក្រុងនេះ ដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតនៅទ្វីបអាស៊ី៕