(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានចាប់ខ្លួនមនុស្ស១៣នាក់ នៅក្នុងការប៉ះទង្គិចគ្នាមួយរវាង ក្រុមបាតុករឆ្វេងនិយម (Antifa) និងក្រុមបាតុករស្ដាំនិយម នៅក្នុងទីក្រុង Portland នៃរដ្ឋ Oregon ដែលបណ្ដាលឱ្យមនុស្ស៦នាក់ រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។

បាតុកម្មតវ៉ាត្រូវបានធ្វើឡើង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅរដ្ឋ Oregon) ដោយក្រុមអ្នកគំាទ្រ ចលនាស្ដាំនិយម ដើម្បីអំពាវនាវឱ្យមានការលុបបំបាត់ «ភេរវកម្មនៅក្នុងស្រុក» ដែលពួកគេផ្ដោតសំខាន់ ទៅលើក្រុមឆ្វេងនិយម (Antifa) តែម្ដង។ ចំណែកឯ ប៉ូលិសជាច្រើននាក់ ក៏ត្រូវបានដាក់ពង្រាយផងដែរ សំដៅរារាំងកុំឱ្យក្រុមទាំង២នេះ ប៉ះទង្គិចគ្នា ប៉ុន្តែអំពើហិង្សានៅតែផ្ទុះឡើងដដែល ដោយបណ្ដាល ឱ្យមនុស្ស៦នាក់ រងរបួសស្រាល។

គួរបញ្ជាក់ថា បើតាមប៉ូលិសទីក្រុង Portland មានបាតុករ ១,២០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា រៀបចំឡើងដោយចលនាស្ដាំនិយម Proud Boys ប្រឆាំងនឹងក្រុមឆ្វេងនិយម Antifa ហើយអាវុធ ជាច្រើនត្រូវបានរឹបអូសក្នុងនោះរួមមានទំាង ដំបង កូនកាំបិតជាដើម។ ប៉ុន្តែ នេះមិនមែនជាលើកទី១ ឡើយដែលក្រុមទាំង២ប៉ះទង្គិចគ្នា ពោលគឺការប៉ះទង្គិចគ្នាដ៏ហិង្សាបែបនេះក៏ធ្លាប់បានកើតឡើងផងដែរ កាលពីខែកក្កដា ឆ្នាំ២០១៨៕