(ប៉ារីស)៖ យោងតាមអ្នកជំនាញបារាំងបានឱ្យដឹងថា កម្លាំងពីខាងក្រៅបាននិងកំពុងព្យាយាម បង្កឱ្យមានអស្ថិរភាពនៅលើដែនដីហុងកុង ប៉ុន្តែវានឹងមិននាំទៅរកលទ្ធផលល្អនោះទេ ខណៈភាពស្ងប់ស្ងាត់​គឺជាអ្វីដែលដែនដីមួយនេះ ត្រូវការចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍបន្ថែមទៀតនាពេលបច្ចុប្បន្ននេះ។ នេះបើតាមចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០១៩។

លោក ព្យែរ ពីកក្វាត (Pierre Picquart) ដែលជាបណ្ឌិតផ្នែកភូមិសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យប៉ារីស (Paris-VIII University) និងជាអ្នកជំនាញឯកទេសលើកិច្ចការប្រទេសចិនបានអះអាងថា អ្វីដែលកំពុងកើតឡើងនៅហុងកុង គឺជាសកម្មភាពដែលបានរៀបចំទុកយ៉ាងល្អឥតខ្ចោះ ដោយកំលាំងអន្តរាគមន៍ពីខាងក្រៅ។

លោកបានមានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំភ្លេចថាទាំងហុងកុង និងម៉ាកាវ គឺសុទ្ធតែជាតំបន់រដ្ឋបាលពិសេសដែលបានប្រគល់មកឲ្យចិនវិញ ដោយមានប្រវត្តិច្របូកច្របល់បំផុត… សព្វថ្ងៃមានការប៉ុនប៉ងទាំងក្នុង និងក្រៅ ដើម្បីបំបែកតំបន់ទំាងពីរចេញចិនដីគោក ដោយយ៉ាងហោចណាស់ក៏ដើម្បីបង្កឲ្យមានបញ្ហា និងភាពវឹកវរដែរ។»

ជាមួយគ្នានេះ លោក គ្រីស្ទីន ប៊ែរ (Christine Bierre) ដែលជានិពន្ធនាយកនៃទស្សនាវដ្តី នូវែល សូលីឌែរីតេ (Nouvelle Solidarite) និងជាអ្នកជំនាញមកពីវិទ្យាស្ថាន ស្គីលែរ ហ្វ្រង់ (Schiller France) ក៏បានអះអាងស្រដៀងគ្នានេះដែរ ដោយលោកបានសង្កត់ធ្ងន់ថា អ្វីដែលកំពុងកើតឡើងនៅទីក្រុងហុងកុង ច្បាស់ណាស់គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលគាំទ្រដោយអ្នកអភិរក្សនិយមថ្មី​នៅសហរដ្ឋអាមេរិក។ ដោយឡែក ចក្រភពអង់គ្លេសដែលជាអតីតមហាអំណាចអាណានិគម ក៏បានដើរតួនាទីក្នុងកិច្ចការនេះផងដែរ។

លោក Bierre បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ យ៉ាងដូច្នេះថា «អស្ថិរភាពនេះ វាបានកើតឡើង… ចំពេលពេលដែលសហរដ្ឋអាមេរិក កំពុងតែមានសង្គ្រាមពាណិជ្ជកម្ម និងរូបិយវត្ថុជាមួយចិន»។ ដោយឡែកក្នុងក្រសែភ្នែករបស់អ្នកជំនាញបារាំង លោក ដេវីដ កូស្សេត (David Gosset) វិញបានបង្ហាញការយល់ឃើញថា «ហុងកុងគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីសាធារណរដ្ឋប្រជាមានិតចិនបានទេ ខណៈ
ដែនដីមួយនេះទទួលបានស្វ័យភាពកម្រិតខ្ពស់ ដូចអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ក្រុមជំនាញក៏បានរំលេចផងដែរថា ផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ៗនៅហុងកុងគឺខ្ពស់, សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋប្រមាណ ៧លាននាក់ត្រូវបានការពារយ៉ាងល្អ និងទីក្រុងគួរតែមានមោទនភាព​ចំពោះសន្ទស្សន៍ នៃការអភិវឌ្ឍន៍ធនធានមនុស្ស។
លោក Gosset បាននិយាយយ៉ាងដូច្នេះថា «បុគ្គលខ្លះប្រហែលជារីករាយ ដែលបានមើលឃើញភាពច្របូកច្របល់កើតមានក្នុងទីក្រុងហុងកុង ហើយអង្គការខ្លះថែមទាំងចង់បង្កអស្ថិរភាពថែមទៀត។»

គួរបញ្ជាក់ថា ប្រទេសចិនផ្ទាល់បានចោទប្រកាន់ត្រង់ៗទៅកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយបង្កចលាចលក្នុងទីក្រុងហុងកុង និងបានព្រមានជាច្រើនលើកច្រើនសា​មកហើយឲ្យអាមេរិកដកបាតដៃពណ៌ខ្មៅរបស់ខ្លួន ចេញពីទីក្រុងចិនមួយនេះជាបន្ទាន់។ ទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេស ប្រគល់ទៅឲ្យចិនដីគោកវិញកាលពីខែកក្កដា ឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀងផ្តល់សិទ្ធិស្វ័យភាពពិសេស។ ដោយសារតែបែបនេះហើយ ទើបទីក្រុងនៃភាគនិរតីចិនមួយនេះ បានទទួលការរីកចំរើនយ៉ាងខ្លាំង និងក្លាយជាទីក្នុងសេដ្ឋកិច្ចរីកលូតលាស់លេខ ១ ប្រចាំទ្វីបអាស៊ីជាច្រើនឆ្នាំជាប់ៗគ្នា៕