(វ៉ាស៊ីនតោន)៖ ទោះបីជាមហិច្ឆតាទិញយកកោះយក្ស គ្រីនលែនដ៍ (Greenland) ត្រូវបានប្រទេសដាណឺម៉ាកចាត់ទុកជារឿងហួសចិត្ត និងទាត់ចោលរួចទៅហើយក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញអំពីការកើនឡើងនូវតម្លៃនៃភូមិសាស្ត្រ របស់កោះទឹកកកធំជាងគេ បំផុតលើលោកមួយ ចំពោះមុខកំពូលមហាអំណាចនានា ដែលកំពុងងាកទៅប្រជែងឥទ្ធិពលគ្នា នៅតំបន់សមុទ្រទឹកកកអាក់ទិច។

ដោយឡែកបើតាមការព្រមានពីក្រុមអ្នកវិទ្យាសាស្ត្រ តែប៉ុន្មានទសវត្សរ៍ទៀតប៉ុណ្ណោះ តំបន់ត្រូពិក និងតំបន់ក្បែរៗខ្សែអេក្វាទ័រនៃភពផែនដី នឹងកាន់តែពិបាកនៅក្នុងរស់នៅ ព្រោះតែការកើនឡើងនូវកម្តៅភពផែនដី ជាហេតុធ្វើឲ្យទឹកកកនៅប៉ូលទាំងពីររលាយ បន្តិចម្តៗ ហើយទីក្រុងធំៗជាច្រើននឹងត្រូវប្រឈមមុខការលិចលង់ យ៉ាងហោចណាស់នៅឆ្នាំ២០៥០ ខាងមុខនេះហើយ។

ដូច្នេះតំបន់ដែលនឹងក្លាយជាកន្លែងអំណោយផលខ្លាំងនោះ គឺដែនដីស្ថិតអឌ្ឍគោលខាងជើង ដែលជាតំបន់ត្រជាក់បង្គួរ និងតំបន់ក្បែរៗតំបន់ប៉ូល ដែលប៉ុន្មានទសវត្សរ៍ទៅមុខទៀត វាអាចក្លាយជាតំបន់ដែលមានអាកាសធាតុ អំណោយផល ដូចតំបន់ត្រូពិកវិញ។ ប្រការនេះហើយទើបមហាអំណាចនានា ជាពិសេសចិន និងរុស្ស៊ី ហាក់បង្កើនឥទ្ធិពលកាន់តែខ្លាំងនៅតំបន់នោះ ខណៈសហរដ្ឋអាមេរិកកន្លងមក ត្រូវបានអ្នកវិភាគលើកឡើងថា ដូចជាយឺតយ៉ាវបន្តិចនៅក្នុងចូលលេងល្បែងមួយនេះ បើទោះបីជារដ្ឋអាឡាស្កាដ៏ធំធេងរបស់ខ្លួន ស្ថិតនៅជាប់មហាសមុទ្រទឹកកកអាកទិចស្រាប់ ទៅហើយក៏ដោយ។

ទោះបីជាបែបនេះក្តីវាមិនមែនមានន័យថា អាមេរិកមិនអាចប្រកួតប្រជែងទាន់គេនោះឡើយ ខណៈខ្លួនគឺជាមហាអំណាចលេខ ១ លើគ្រប់វិស័យ ដូច្នេះការចាប់ផ្តើមកាណុងធំ ដើម្បីប្រយុទ្ធនោះគឺជារឿងចាប់បាច់ ហើយបន្ថែមពីនេះការគ្រោងទិញយកកោះយក្ស Greenland គឺជាជំហានថ្មីបំផុតមួយ តែមិនប្រាកដថាជារឿងកំប្លែងទាំងស្រុងនោះឡើយ ព្រោះបើសិនជាមហិច្ឆតារបស់សហរដ្ឋអាមេរិកមួយនេះបានសម្រេច វាមិនខុសអ្វីពីការបោះសន្ទូចរំលងភ្នំ ដើម្បីនាំមុខគេឡើងវិញ នៅក្នុងការប្រណាំងប្រជែងឥទ្ធិពល នៅប៉ូលខាងជើងភពផែនដីនេះឡើយ។ ប៉ុន្តែតើអាមេរិកសង្ឃឹមថា អាចទិញកោះនេះបានមែនឬ? ហេតុអ្វីនៅសុខៗលោក ត្រាំ បង្ហើបចេតនាដ៏រសើបនេះឡើង?

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ ២ លើលោកបានបោះជំហានមុនសហរដ្ឋអាមេរិក នៅក្នុងការទៅចាក់គ្រឹះលើកោះ Greenland ដែលសម្បូរដោយភោគទ្រព្យធម្មជាតិ ជាពិសេសធនធានរ៉ែ Rare Earth ដ៏មហាកម្រ និងប្រេងផងដែរ។ ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋចិន បានដាក់សំណើមួយ កាលពីឆ្នាំ២០១៨ ទៅកាន់រដ្ឋាភិបាលដាណឺម៉ាក ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋាន អន្តរជាតិចំនួន ០៣ នៅលើកោះ Greenland ជាប់ភាគឦសានប្រទេសកាណាដា។

ទោះបីជាផែនការរបស់ចិនខាងលើនេះ ត្រូវបានបញ្ចប់ដោយការទាមទារលើសកម្រិត ពីរដ្ឋាភិបាលដាណឺម៉ាក និងការត្រូវមើលទឹកមុខទីក្រុងវ៉ាស៊ីនតោនសិននោះក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញចេញកាន់តែច្បាស់ថា ប្រទេសចិនក៏ចង់បោះសន្ទូចរំលងភ្នំដែរ។ តាមរយៈការសិក្សានៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រទីក្រុងវ៉ាស៊ីនតោន CSISW ការប្រកាសអំពីបំណងទិញយកកោះ Greenland ពីដាណឺម៉ាក គឺមិនមែនជាផែនការ ដែលអាក្រក់នោះឡើយ ដែលមានអាចជា «ការបំផុសអំពីបញ្ហាផ្នែកយុទ្ធសាស្ត្រ ក្នុងតំបន់សមុទ្រទឹកកកអាក់ទិច» ទៅដល់ពិភពលោកទាំងមូល ជាពិសេសក្រុមអ្នកនយោបាយអាមេរិកផ្ទាល់។

ងាកទៅមើលប្រវត្តិសាស្ត្រវិញ កោះយក្ស Greenland បានក្លាយជាទីតាំងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក តាំងតែពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ ដែលវាត្រូវបាន ប្រើប្រាស់ជាកន្លែងអង្កេតសកម្មភាពនាវារបស់ពួក Nazi អាល្លឺម៉ង់ ដែលឆ្លងកាត់ច្រកនេះ ទៅកាន់តំបន់សមុទ្រអាត្លង់ទិកខាងជើង។ នៅឆ្នាំ១៩៤៣ សហរដ្ឋអាមេរិក បានកងសាងមូលដ្ឋានទ័ពអាកាសឆ្ងាយបំផុតរបស់ខ្លួន នៅលើតំបន់ធូល (Thule) នៃកោះ Greenland ដោយវាហាក់ស្មុគស្មាញបន្តិច ប៉ុន្តែមូលដ្ឋាននេះត្រូវបានប្រើដើម្បីទប់ស្កាត់ ការវាយប្រហារណាមួយពីរុស្ស៊ី។

ដូច្នេះសរុបសេចក្តីមក ការបង្ហើបពីការទិញយកកោះ Greenland នេះមិនមែនជារឿង ដែលហួសហេតុ ឬឥតមានហេតុផលបង្កប់ពីក្រោយនោះឡើយ។ សហរដ្ឋអាមេរិក អាចកំពុងពិចារណាជួល ឬក៏អាចចុះកិច្ចព្រមព្រៀងបង្កើតមូលដ្ឋាន នៅលើកោះជាប់សមុទ្រទឹកកកអាក់ទិចនេះដូចកាលពីអតីតកាល ហើយក៏ជាការទប់ស្កាត់ មហិច្ឆតារបស់ចិន នៅក្នុងការមកបង្ហាញវត្តមាននៅលើកោះផងដែរ។ អ្វីៗនឹងមិនក្លាយជារឿងលំបាកសម្រាប់អាមេរិកឡើយ ព្រោះសហរដ្ឋអាមេរិក និងដាណឺម៉ាក ជាមិត្តភក្តិដែលមានទំនាក់ទំនងជិតស្និទ្ធស្រាប់ នៅក្នុងវិស័យយោធា៕

ប្រភព៖ សារព័ត៌មាន CNA/AFP (ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩)