(ការ៉ាស់កាស)៖ ខណៈប្រទេសកំពុងស្ថិតក្នុងភាពចលាចល និងការឡោមព័ទ្ធសេដ្ឋកិច្ច ពី មហាអំណាចអាមេរិក រដ្ឋាភិបាលវេណេស៊ុយអេឡាបានព្យាយាមបង្កើន សន្តិសុខផ្ទៃក្នុង ដោយពេលនេះឈ្មួញរត់ពន្ធមាសខុសច្បាប់ធំមួយ ត្រូវបានប៉ូលិសវេណេស៊ុយអេឡាតាម ប្រមាញ់បានសម្រេច ខណៈពួកគេគ្រោងនាំចេញទៅកាន់សាធារណរដ្ឋដូមីនិក និងប្រទេសក្នុងតំបន់សមុទ្រការីបៀនដទៃៗទៀតតាមយន្តហោះ។ នេះបើតាមការចេញ ផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡាលោក តារែក វីលៀម សាអាប់ (Tarek William Saab) បានលើកឡើងជុំវិញប្រតិបត្តិការខាងលើនេះថា «ការចាប់ក្រុមឈ្មួញរត់ពន្ធមាសខុស ច្បាប់ខាងលើនេះ គឺបានកើតមានឡើងក៏ព្រោះតែវាជាទង្វើដែលបំផ្លាញដល់សេដ្ឋកិច្ច ជាតិ យ៉ាងធ្ងន់ធ្ងរបំផុត...។ មាសគឺជាមូលធនបម្រុងដ៏សំខាន់របស់ជាតិ ដែលត្រូវបាន ប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុអន្តរជាតិ...។»

គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡាគឺជាដែនដីសំបូរដោយរ៉ែមាស និងប្រេង បំផុត មួយនៅតំបន់អាមេរិកឡាទីន និងពិភពលោកទាំងមូល ប៉ុន្តែដោយសារតែការគ្រប់គ្រងរដ្ឋបាល មិនបានល្អ និងការរងទណ្ឌកម្មសេដ្ឋកិច្ចផងនោះ វាបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ ដាំក្បាលចុះយ៉ាងគំហុកតែម្តង។ ដោយឡែកនៅក្នុងប្រតិបត្តិការខាងលើនេះវិញ សមត្ថកិច្ចវេណេស៊ុយអេឡាបានចាប់ខ្លួនមនុស្ស ០៧នាក់, មាសមួយចំនួន (មិនបញ្ជាក់ចំនួន) និងយន្តហោះឯកជន ០៤គ្រឿងផងដែរ៕