(យូអិន)៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយការប្រយុទ្ធគ្នារវាងកងទ័ពលីប៊ីខាងលិច (រដ្ឋាភិបាលទ្រីប៉ូលីគាំទ្រដោយ UN) និងកងទ័ពលីប៊ីខាងកើត (ទីក្រុងប៊ែងហ្គាស៊ី) ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកទល់នឹងពាក់កណ្តាលខែសីហា នេះបានបណ្តាលឲ្យមនុស្សស្លាប់ឈានដល់ជាង ១,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រៅពីចំនួនមនុស្សស្លាប់ឈានដល់ជាង ១ពាន់នាក់ខាងលើនេះ ប្រជាជនលីប៊ីសរុបជាង ៥,៧០០នាក់ទៀតបានទទួលរងរបួស និងជាង ១២០,០០០នាក់រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដែលស្ថិតនៅក្នុងទីក្រុងទ្រីប៉ូលី និងតំបន់នៅជុំវិញ ដោយសារតែជម្លោះរវាងសាច់ឈាមលីប៊ីដូចគ្នានេះ មិនដឹងថាពេលណានឹងអាចធូរស្រាលនោះឡើយ។

គួរជម្រាបថា ចាប់តាំងតែពីមេដឹកនាំលីប៊ីខាងកើត លោកឧត្តមសេនីយ៍ ហាហ្វតា (Haftar) បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ី-ទ្រីប៉ូលីនៃនាយករដ្ឋមន្រ្តី ហ្វាយ៉េស អាល់ហ្សារ៉ាច (Fayez al-Sarraj) កាលពីដើមខែមេសាមក មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងទទួលរងរបួសជាបន្តបន្ទាប់ ហើយបើទោះជាសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ សង្គ្រាមនេះជាច្រើនលើកក៏ដោយ ក៏ភាគីទាំងពីរនេះមិនស្តាប់តាមនោះដែរ៕