(ម៉ូស្គូ)៖ ខណៈស្ថានការណ៍កំពុងអាសន្ន តែអាកាសយានិករុស្ស៊ីទាំងពីររូបលើ យន្តហោះ Airbus A321 នៅតែអាចបញ្ជាយន្តហោះកំពុងជួបបញ្ហា ចុះចតក្នុងចម្ការពោត ប្រកបដោយជោគជ័យដោយគ្មានមនុស្សណាម្នាក់បាត់បង់ជីវិត ប៉ុន្តែអ្នកដំណើរជាង ២០នាក់ បានទទួលរងរបួសស្រាល នៅពេលសម្រុកចុះយ៉ាងបន្ទាន់ចេញពីយន្តហោះ របស់អាកាសចរណ៍ យូរ៉ាល់ (Ural Airlines) មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយ ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

យន្តហោះខាងលើនេះជាជើងហោះហើរ ធ្វើដំណើរទៅ និងមករវាងទីក្រុងម៉ូស្គូ និងតំបន់គ្រីមាដែលរុស្ស៊ីកំពុងកាន់កាប់ ហើយគ្រោះថ្នាក់នេះកើតមានឡើង ក្រោយ ម៉ាស៊ីនយន្តហោះ Airbus A321 ត្រូវបានសត្វបក្សីមួយក្បាលហោះចូល ជាហេតុបង្ខំឲ្យពីឡុតទាំងពីររូប បញ្ជាយន្តហោះធ្វើការចុះចតយ៉ាងបន្ទាន់វិញ នៅឯអាកាសយានដ្ឋានអន្តរជាតិ ហ្សូកូវស្កាយ (Zhukovsky) នៃទីក្រុងម៉ូស្គូ ប៉ុន្តែវាមិនបានចូលផ្លូវចុះចតត្រឹមត្រូវឡើយ ដោយបានជ្រុលទៅចុះចតលើចម្ការពោត ដែលស្ថិតនៅក្បែរនោះទៅវិញ តែដោយសារតែបែបនេះហើយ ទើបយន្តហោះ មិនបានរងគ្រោះធ្ងន់ធ្ងរ ឬឆាបឆេះ។

ជុំវិញគ្រោះក្លាយជាលាភខាងលើនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានហៅអាកាសយានិកដ៏ចំណានទាំងពីររូបខាងលើនេះនេះថា «វីវបុរស» ដោយពួកគេនឹងត្រូវទទួលរង្វាន់ថ្នាក់ជាតិថែមទៀតផង។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២៣នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A321 ផ្ទុកមនុស្សសរុប ២២៦នាក់ និងក្រុមអាកាសយានិក 0៧នាក់ជួបគ្រោះថ្នាក់។
បើតាមមន្ត្រីនៃក្រសួងចាត់ចែងគ្រាមានអាសន្នរបស់រុស្ស៊ី យន្តហោះខាងលើនេះបានធ្វើការ ចុះចតយ៉ាងបន្ទាន់នៅព្រលានយន្តហោះខាងលើនេះ រួចបន្ទាប់មកម៉ាស៊ីនមួយចំហៀងរបស់ វាបានឆាបឆេះឡើងតែម្តង ដែឡជាហេតុនាំឲ្យក្រុមសង្គ្រោះប្រញាប់ប្រញាល់ ធ្វើការជម្លៀសមនុស្សម្នាទាំងអស់ចេញពីយន្តហោះ ដែលស្ថិតនៅក្នុងចម្ការពោត៕