(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានលុបចោលទិដ្ឋាការរបស់ក្រុមនាវិកទាំងអស់ នៃកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ដែលត្រូវបានអាជ្ញាធរ Gibraltar ដោះលែងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ម័រហ្គែន អ័រតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់ដូច្នេះថា «កប៉ាល់ដឹកប្រេង Grace 1 បានជួយដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ តាមរយៈការដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់ ទៅកាន់ប្រទេសស៊ីរី... ហើយការធ្វើបែបនេះនឹងបង្កផលវិបាក ធ្ងន់ធ្ងរដល់ក្រុមនាវិកទាំងអស់នៃកប៉ាល់មួយនេះ ដោយពួកគេអាចនឹងប្រឈមមុខ នឹងការលុបចោលទិដ្ឋាការចូលសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ការព្រមានលុបចោលទិដ្ឋាការរបស់ក្រុមនាវិកនៃកប៉ាល់ Grace 1 ធ្វើឡើងដោយផ្អែកលើទំនាក់ទំនងរវាងកប៉ាល់ដឹកប្រេងមួយនេះ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា «ជាអង្គការភេរវកម្ម»។ ម្យ៉ាងវិញទៀត ការព្រមាននេះទៀតសោត បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ Grace 1 ត្រូវបានអាជ្ញាធរ Gibraltar ដោះលែងបន្ទាប់ពីបានឃាត់ទុកកាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅក្រោមការចោទប្រកាន់ថា រំលោភលើទណ្ឌកម្មសហភាពអឺរ៉ុប ក្នុងការប៉ុនប៉ងដឹកប្រេងទៅកាន់ប្រទេសស៊ីរី៕