(វ៉ាស៊ីនតោន)៖ ក្រុមឃ្លាំមើលលំហអវកាសនៃកងទ័ពអាកាសអាមេរិក ទើបតែបានបញ្ជាក់ឲ្យដឹងថា ពួកគេបានប្រទះឃើញការផ្ទុះ នៃកំណាត់ទី៣របស់គ្រាប់រ៉ុក្កែតអឺរ៉ុប Ariane-4 នៅក្នុងទីអវកាស កាលពីខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នាយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ ខណៈបំណែកចំនួន០៧ត្រូវបានរកឃើញ។ ដោយឡែក មូលហេតុនៃការផ្ទុះវិញ គឺប្រហែលជាវាបានកើតឡើងដោយខ្លួនឯង ជាជាងដោយសារតែការប៉ះទង្គិចជាមួយវត្ថុផ្សេងទៀត។ រ៉ុក្កែតដែលបានផ្ទុះនេះបានដឹកជញ្ជូនផ្កាយរណបចំនួន៣គ្រឿង ឡើងទៅកាន់គន្លងអវកាស កាលពីខែសីហា ឆ្នាំ១៩៩២ ក្នុងនោះ រួមមានផ្កាយរណប Topex/Poseidon ដែលជាកម្មសិទ្ធិរួមគ្នារបស់អាមេរិកនិងបារាំង, Kitsat-1 របស់កូរ៉េខាងត្បូង និង S80/T របស់បារាំង។

គួរជម្រាបថា មុនពេលផ្ទុះ កំណាត់គ្រាប់រ៉ុក្កែតនោះបានអណ្តែតជុំវិញផែនដីអស់រយៈពេល២៧ឆ្នាំមកហើយ នៅរយៈកម្ពស់ចន្លោះ ពី១,៤០៤ទៅ១,២៩៦គីឡូម៉ែត្រ។ រ៉ុក្កែតអឺរ៉ុបប្រភេទ Ariane-4 នេះ ត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៩៨៨ដល់ឆ្នាំ២០០៣៕