(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ២៣០នាក់ បានរអិលចេញពីផ្លូវកំឡុងពេលធ្វើការចុះចតបន្ទាន់ នៅឯអាកាសយានដ្ឋានអន្តរជាតិ ហ្ស៊ូកូវស្កាយ (Zhukovsky) នៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ប៉ុន្តែជាសំណាងល្អដែលពុំមាន អ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

បើតាមមន្ត្រីនៃក្រសួងចាត់ចែងគ្រាមានអាសន្នរបស់រុស្ស៊ី យន្តហោះខាងលើនេះ បានធ្វើការ ចុះចតយ៉ាងបន្ទាន់នៅព្រលានយន្តហោះខាងលើនេះ រួចបន្ទាប់មកម៉ាស៊ីនមួយចំហៀងរបស់ វាបានឆាបឆេះឡើងតែម្តង ជាហេតុនាំឲ្យក្រុមសង្គ្រោះប្រញាប់ប្រញាល់ ធ្វើការជម្លៀស មនុស្សម្នាទាំងអស់ចេញពីយន្តហោះយ៉ាងទាន់ហន់ផងដែរ។ យន្តហោះ Airbus A320 នេះជាកម្មសិទ្ធិរបស់អាកាសចរណ៍ អូរ៉ាល់ (Ural airlines) បានបង្ខំធ្វើការចុះចតមកវិញនេះ ក៏ព្រោះតែមានបក្សីមួយក្បាលហោះចូលក្នុងម៉ាស៊ីនរបស់យន្តហោះ។

គួរបញ្ជាក់ថា មនុស្សម្នានៅលើយន្តហោះទាំងអស់ ២៣០នាក់ គឺមិនមាននរណាម្នាក់រងគ្រោះដល់ជីវិត ឬរងរបួសធ្ងន់នោះឡើយ តែក្នុងនោះកុមារ០៣នាក់ និងមនុស្សធំ ១០នាក់បានទទួលរងរបួសស្រាលកំឡុងការជម្លៀសខ្លួនបន្ទាន់ ចេញពីយន្តហោះ។ យន្តហោះខាងលើនេះត្រូវបានគេអះអាងថា ធ្វើដំណើរទៅនិងមកទីក្រុង ស៊ីហ្វឺរ៉ូផូល (Simferopol) នៃតំបន់គ្រីមា (Crimea) ដែលប្រទេសរុស្ស៊ីកំពុងគ្រប់គ្រង៕