(វ៉ាស៊ីនតោន)៖ យោធាចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើព្យុហយាត្រាយោធាបង្ហាញសាច់ដុំនៅក្បែរ ព្រំដែនទីក្រុងហុងកុង និងជាសារមួយផ្ញើជូនដល់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។ 

ជុំវិញវិបត្តិក្នុងទីក្រុងហុងកុងនេះដែរ សហរដ្ឋអាមេរិក ជាថ្មីម្ដងទៀតបានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះសេចក្ដីរាយការណ៍ដែលថាយោធាចិន បាននិងកំពុងចល័តរថពាសដែកជាច្រើនគ្រឿងទៅកាន់ តំ បន់ព្រំដែនជាប់ទីក្រុងហុងកុង ខណៈបាតុកម្មតវ៉ានៅតែបន្តកើតមាន។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យ ក្រសួងការបរទេសម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងសកម្មភាពយោធាចិន នៅតំបន់ជាប់ព្រំដែនទីក្រុងហុងកុង... ហើយអ្វីដែលសំខាន់នៅពេលនេះគឺរដ្ឋាភិបាលទីក្រុងហុងកុង ត្រូវតែគោរពសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី ខណៈទីក្រុងប៉េកាំងក៏គួរតែគោរពតាមសិទ្ធិស័្វយភាពរបស់ ទីក្រុងហុងកុងដែរ»

គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ សារព័ត៌មានរដ្ឋចិន Global Times បានបញ្ចេញវីដេអូ និងរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពយោធាចិន កំពុងចល័តរថពាសដែកជាច្រើនគ្រឿងទៅ កាន់ទីក្រុង Shenzhen ជាប់ព្រំដែនទីក្រុងហុងកុង។ សកម្មភាពយោធានេះ កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងព្រមានក្រុមបាតុករឱ្យបញ្ឈប់ការធ្វើបាតុកម្មតវ៉ាជាបន្ទាន់៕