(បាងកក)៖ ប៉ូលិសថៃនាថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា តុលាការថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យ០៤នាក់ទៀត ពាក់ព័ន្ធ​ករណីផ្ទុះគ្រាប់បែកជាច្រើនកន្លែង នៅឯទីក្រុងបាងកក កាលពីដើមខែនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ការចេញដីកាចាប់ខ្លួនខាងលើនេះធ្វើឡើង បន្ទាប់ពីជនសង្ស័យ០២នាក់ ត្រូវបានចាប់ខ្លួននៅភាគខាងត្បូងប្រទេសថៃ និងកំពុង​ស្ថិតក្រោមការឃុំឃាំងក៏ដូចជាសួរចម្លើយរបស់ប៉ូលិស។ អាជ្ញាធរថៃបានសង្ស័យថា អាចមានជនដៃដល់ច្រើននាក់ ពាក់ព័ន្ធក្នុង​ករណីបង្កៃនិងបំផ្ទុះគ្រាប់បែកថ្ងៃទី០២ ខែសីហា នៅតាមទីតាំងខុសៗគ្នាក្នុងទីក្រុងបាងកក។

គួរជម្រាបថា ហេតុការណ៍ទាំងនេះ បានកើតមានចំពេលដែលទីក្រុងបាងកក បានរៀបចំទទួលបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន ខណៈនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្កោលទោសថា ជាការបង្កភាពចលាចល និងការបង្កក្តីអាម៉ាស់ដល់​រដ្ឋាភិបាលលោក នៅចំពោះមុខព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់៕