(សេអ៊ូល)៖ កូរ៉េខាងជើង បាននិយាយថាកូរ៉េខាងត្បូង មិនត្រូវអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ ពង្រាយមីស៊ីលរយៈចំងាយមធ្យម នៅលើទឹកដីរបស់ខ្លួនឡើយ បើសិនជាមិនចង់ក្លាយទៅជា «ខែលការពារគ្រាប់កាំភ្លើង»។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើការព្រមានបែបនេះ នៅក្នុងបទអត្ថាធិប្បាយមួយចេញ ផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បញ្ចប់ ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ KCNA បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាការដាក់ពង្រាយ មីស៊ីលត្រូវបានធ្វើឡើងមែន នោះមានន័យថាកូរ៉េខាងត្បូងកំពុងដើរផ្លូវបំផ្លាញខ្លួនឯង ហើយនឹងក្លាយជា «ខែលការពារគ្រាប់កាំភ្លើង»របស់សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត វាក៏នឹងធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េជួបភាពតានតឹង និងបង្កជាសង្រ្គាមត្រជាក់ជាថ្មីតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងក្រោយលោក Mark Esper បង្ហើបពីផែនការ ដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យមនៅក្នុងតំបន់អាស៊ី ហើយក្នុងនោះ អូស្ត្រាលី ឬកូរ៉េខាងត្បូង ជាដើម ត្រូវបានគេសន្និដ្ឋានអាចនឹងក្លាយជាទីតាំងដាក់ពង្រាយមីស៊ីលអាមេរិក។ ប៉ុន្តែ ទាំងកូរ៉េខាងត្បូង និងអូស្ត្រាលី បានអះអាងថានឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយ មីស៊ីលប្រភេទនេះលើទឹកដីរបស់ខ្លួនឡើយ៕