(ប៉េកាំង)៖ ការរីករាលដាល នៃជំងឺគ្រុនឈាម នៅតំបន់អាស៊ីអាគ្នេយ៍ បានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩នេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។

បង់ក្លាដេស កំពុងទទួលរងនូវការរាតត្បាតខ្លាំងបំផុត នៅក្នុងរយៈពេល២ទសវត្សរបស់ខ្លួនជាមួយនឹងមនុស្សយ៉ាងហោចណាស់៤០នាក់បានស្លាប់។ មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, វៀតណាម និងឡាវ ក៏ត្រូវបានគេមើលឃើញថា ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំងផងដែរ នៅក្នុងឆ្នាំ២០១៩នេះ។

ជំងឺគ្រុនឈាម ជាជំងឺឆ្លងដោយសត្វមូស ហើយភាគច្រើនកើតឡើងនៅរដូវភ្លៀង ចាប់ពីខែមិថុនា ដល់ខែតុលា នៅតំបន់អាស៊ីអាគ្នេយ៍។

អង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថា មានមនុស្សប្រមាណ៣៩០លាននាក់ បានរងការប៉ះពាល់ដោយសារជំងឺគ្រុនឈាម ជារៀងរាល់ឆ្នាំ។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ដែរថា មិនទាន់មានថ្នាំព្យាបាល ជំងឺគ្រុនឈាមនៅឡើយនោះទេ។ ប៉ុន្តែការរកឃើញមេរោគបានទាន់ពេលវេលា ហើយទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ធ្វើឲ្យអត្រានៃការស្លាប់មានទាបជាង១ភាគរយប៉ុណ្ណោះ៕