(ប៉េកាំង)៖ ពេលកន្លងមកនេះ ហេតុការណ៍អំពើហិង្សាល្មើសច្បាប់ធ្ងន់ធ្ងរ ដែលបានកើតឡើងនៅតំបន់ពិសេសហុងកុង កាន់តែកើនឡើង។ មនុស្សនៅប្រទេសលោកខាងលិចមួយចំនួន ដូចជាអាមេរិកជាដើម ដែលនៅពីក្រោយខ្នងបានចេញមុខជាបន្តបន្ទាប់ បក់ខ្យល់បញ្ឆេះភ្លើងដោយបំណងសម្ងាត់ដោយចេតនា។ ពួកគេបានបំពេញមុខងារជាទីប្រឹក្សា ដើម្បីបង្រៀនជនប្រើអំពើហិង្សាជ្រុលនិយម ជ្រៀតជ្រែកកិច្ចការហុងកុង ដោយឥតលាក់លៀម។

គ្មានប្រទេស ឬរដ្ឋអធិបតេយ្យណាមួយអាចអង្គុយព្រងើយកន្តើយ មើលអំពើដ៏ថោកទាបលាក់គំនិតបែបនេះ របស់អ្នកនយោបាយលោកខាងលិច មួយចំនួននោះឡើយ។ យើងខ្ញុំមិនអនុញ្ញាតឱ្យបាតដៃពណ៌ខ្មៅខាងក្រៅ លើកទឹកចិត្តដល់ជនជ្រុលនិយមធ្វើផ្តេសផ្តាស ក្នុងហុងកុងជាដាច់ខាត!

ចាប់តាំងពីជនជ្រុលនិយមនៃតំបន់ហុងកុង បានបង្កហេតុការណ៍ហិង្សាជាបន្តបន្ទាប់ ដោយយកលេសថា ប្រឆាំងនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ នៃច្បាប់ហុងកុងកាលពីខែមិថុនាកន្លងមក ឥស្សរជនបស្ចិមប្រទេសមានដូចជាអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ក៏ចាប់ផ្តើមបង្ករឿងហេតុ។

លោក Jeremy Hunt អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានទាមទារឱ្យតំបន់ហុងកុងធ្វើការស៊ើបអង្កេត ចំពោះហេតុការណ៍ចលាចល កាលពីថ្ងៃទី១២ ខែមិថុនា រហូតដល់អនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបសន្ទនាជាមួយជនប្រឆាំងនឹងរដ្ឋាភិបាលមជ្ឈិមចិន និងបង្កចលាចលហុងកុងដោយឡែកពីគ្នា ហើយអ្នកនយោបាយបស្ចិមប្រទេសមួយចំនួន យកលេស «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ក្នុងការអនុវត្តស្តង់ដារពីរ ។

ពួកគេធ្វើឱ្យបំភាន់សកម្មភាពបាតុកម្មហិង្សា ជាបាតុកម្មអហិង្សាដោយចេតនា ដោយមួលបង្កាច់ និងលាបពណ៌ទង្វើយុត្តិធម៌ក្នុងការការពារច្បាប់ និងរបៀបរៀបរយរបស់រដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង និងប៉ូលិសហុងកុង ព្រមទាំងបានមួលបង្កាច់រដ្ឋាភិបាលមជ្ឈិមចិនថា បានកាត់បន្ថយសេរីភាពនិងសិទ្ធិ នៃតំបន់ហុងកុងទៀតផង។ ពាក្យសម្តី និងទង្វើអាក្រក់របស់ពួកគេ គឺកម្រមានណាស់នៅលើពិភពលោកនេះ។

ពេលកន្លងទៅថ្មីៗនេះបាតដៃពណ៌ខ្មៅនៅខាងក្រៅ បានជ្រៀតជ្រែកក្នុងកិច្ចការហុងកុង កាន់តែហួសហេតុ ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានបង្ហាញឥរិយាបទ ដូចជាអ្នកដាក់អាណានិគមកាលពីអតីត ហើយបានទូរស័ព្ទឱ្យប្រធានរដ្ឋបាល នៃតំបន់ហុងកុងដោយផ្ទាល់ ដើម្បីដាក់សម្ពាធ គឺបានភ្លេចខ្លួនថាគ្មានលក្ខណៈសម្បត្តិបែបនេះទាល់តែសោះ ។

រូបថតអំពីមន្ត្រីស្ថានកុងស៊ុលអាមេរិកប្រចាំនៅហុងកុង ជួបជាមួយមេក្រុមចង់ឱ្យហុងកុងឯករាជ្យ ត្រូវបានផ្សព្វផ្សាយនាពេលកន្លងទៅ ប៉ុន្តែបែរជាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កោតសរសើរចំពោះការធ្វើនេះទៅវិញ ។ អំពើដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃបែបនេះ បានជាន់ឈ្លីយ៉ាងកម្រោល ទៅលើច្បាប់អន្តរជាតិនិងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ បានបំបែកខ្សែបន្ទាត់ក្រហម និងគ្មានភាពខ្មាសអៀននោះទេ ។

ឥទ្ធិពលអាក្រក់របស់កម្លាំងពិភពខាងក្រៅ ដែលគាំទ្រភាពចលាចលនៅតំបន់ហុងកុង គឺសកម្មភាពហិង្សាបានបណ្តាលឱ្យមាន ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ហុងកុង ហើយតំបន់ហុងកុងកំពុងប្រឈមមុខ នឹងគ្រោះថ្នាក់នៃការលិចក្នុងអន្លង់។ ប្រាក់ចំណូលសរុបនៃសេវាកម្មម្ហូបអាហារនៅហុងកុង នាពេលកន្លងទៅគឺមានភាពអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងមកហើយ វិស័យទេសចរណ៍ក្នុងឧស្សាហកម្មសំខាន់ៗចំនួន ០៤ បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

ប្រសិនបើផលប៉ះពាល់រីករាលដាល ដល់ឧស្សាហកម្មសំខាន់ៗរបស់តំបន់ហុងកុង ដូចជាសេវាកម្មផែ្នកហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងចរាចរណ៍ទំនិញជាដើមនោះ សេដ្ឋកិច្ចរបស់ហុងកុងនឹងទទួលរងនូវការខាតបង់ ដែលមិនអាចប៉ាន់ស្មានបាន។ ដោយគ្មានការសង្ស័យនោះទេ តំបន់ហុងកុងកំពុងប្រឈមមុខនឹង «សង្គ្រាមការពារខ្លួន» ដែលទាក់ទងនឹងអនាគត និងជោគវាសនារបស់ខ្លួន។

ការទប់ស្កាត់ភាពចលាចល និងរៀបចំរបៀបរៀបរយសង្គមឡើងវិញ គឺជាភារកិច្ចបន្ទាន់បំផុតរបស់ហុងកុង។ តំបន់ហុងកុងគឺជាចំណែកមួយរបស់ប្រទេសចិន ហើយប្រជាជនហុងកុងចំនួន ៧លាននាក់ នឹងមិនអនុញ្ញាតឱ្យកម្លាំងលោកខាងលិច ធ្វើអ្វីដែលពួកគេចង់បានឡើយ។ យើងព្រមានកម្លាំងខាងក្រៅមួយចំនួន កុំវិនិច្ឆ័យខុសទៅលើសភាពការណ៍ ក៏ដូចជាកុំវាយតម្លៃទាបពេកចំពោះឆន្ទៈដ៏រឹងមាំ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលមជ្ឈិម និងប្រជាជនចិនអំពីការការពារអធិបតេយ្យភាព សន្តិសុខ និងការបង្រួបបង្រួមនៃប្រទេសជាតិ ក៏ដូចជាការគាំពារវិបុលភាព និងស្ថិរភាពរបស់ហុងកុង។

សរុបសេចក្តីមក មិនថាមានអ្វីកើតឡើងយ៉ាងណានៅហុងកុង ប្រទេសចិនមានមធ្យោបាយគ្រប់គ្រាន់ និងកម្លាំងខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីទប់ទល់ និងដោះស្រាយបាន។ ចំពោះអំពើអាក្រក់តាមទំនើងចិត្ត របស់បាតដៃពណ៌ខ្មៅរបស់កម្លាំងខាងក្រៅនោះ យើងស្រែកយ៉ាងខ្លាំងថា «ឈប់!»៕