(ញូដេលី)៖ ខណៈចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងតិច ២៤៤នាក់ ឥណ្ឌាបានចេញសារឲ្យបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ថែមទៀតចំពោះគ្រោះទឹកជំនន់ នៅរដ្ឋឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី១៤ ខែសីហា ឆ្នា២០១៩។

នាថ្ងៃពុធនេះអាជ្ញាធរបានប្រាប់ប្រជាជនរស់នៅក្នុងរដ្ឋ Kerala ឲ្យប្រយ័ត្ន អំពីការបន្តធ្លាក់ភ្លៀងខ្លាំងក្នុងកំឡុង ២៤-៤៨ម៉ោងខាងមុខ។ ក្រៅពីជីវិតមនុស្សជិត ២៥០នាក់ ការធ្លាក់ភ្លៀង និងគ្រោះទឹកជំនន់នៅរដ្ឋភាគខាងលិច និងភាគខាងត្បូងឥណ្ឌា រួមមាន Kerala, កាណាតាកា (Karnataka), មហារ៉ាស្ត្រា (Maharashtra), និង ហ្គូហ្សារ៉ាត់ (Gujarat) ក៏បានធ្វើឲ្យមនុស្សជាច្រើននាក់បាត់ខ្លួន និងបង្ខំឲ្យប្រជាជនឥណ្ឌាជាង ១.២លានភៀសខ្លួនពីលំនៅឋាន ទៅកាន់ជំរុំស្នាក់នៅបណ្តោះអាសន្ន ដែលរៀបចំឡើងដោយរដ្ឋាភិបាលផងដែរ។

គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតកាលពីឆ្នាំមុននៅ រដ្ឋ Kerala បានសម្លាប់ជីវិតមនុស្ស ៤៥០នាក់ ខណៈក្នុងឆ្នាំនេះតួលេខនៃអ្នកបាត់បង់ជីវិតបានកើនដល់ ៩៥នាក់ និង ៥៩នាក់បាត់ខ្លួន។ ចំណែកនៅរដ្ឋ Karnataka មនុស្សយ៉ាងហោចណាស់ ៥៨នាក់បានស្លាប់ ហើយប្រហែល ៦៧៧,០០០នាក់ត្រូវបានអាជ្ញាធរជួយសង្រ្គោះ ចេញពីតំបន់ដែលជន់លិច។ រីឯនៅរដ្ឋ Maharashtra និងរដ្ឋ Gujarat ចំនួនមនុស្សបាត់បង់ជីវិតបានឡើងដល់ ៩១នាក់ ខណៈប្រជាជនរាប់រយនាក់ត្រូវបានជួយសង្រ្គោះ។

គួរជម្រាបថា កាលពីកំឡុងខែកក្កដាកន្លងទៅ ទឹកជំនន់ក៏បានផ្តាច់ជីវិតមនុស្សប្រមាណ ២០០នាក់នៅខេត្ត អាស្សាម (Assam) និងប៊ីហារ (Bihar) នៅភាគខាងកើតប្រទេសឥណ្ឌាផងដែរ ខណៈឲ្យតែដល់រដូវភ្លៀង ប្រជាជនឥណ្ឌាខ្ទង់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ៕