(ប៉េកាំង)៖ ជាថ្មីម្តងទៀតក្រុងប៉េកាំងបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុងហុងកុង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ចិនបានចល័តកងទ័ពទៅកាន់ព្រំដែន ដែលនៅជាប់នឹងហុងកុងកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្សី Sputnik នាល្ងាចថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩។

ការអំពាវនាវខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានជូនដំណឹងដល់រូបលោកពីការដាក់ពង្រាយកងទ័ពចិន ទៅកាន់ទីក្រុងហ្សិនជិន (Shenzhen) ស្ថិតនៅជាប់ព្រំដែនទីក្រុងហុងកុង។

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះមានបាតុកម្ម នៅទីក្រុងហុងកុងជាងពីរខែកន្លងមកនេះ នេះមិនមែនជាលើកទីមួយទេ ដែលចិនបានអំពាវនាវត្រង់ៗទៅកាន់សហរដ្ឋអាមេរិក កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ពេលខ្លះរហូតដល់ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យសហរដ្ឋអាមេរិក «ដកបាតដៃខ្មៅរបស់ខ្លួនចេញពីទីក្រុងហុងកុង» ទៀតផង៕